ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា សេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ ដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា
(ភ្នំពេញ)៖ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទី ក្រសួង មហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង អនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ ដើម្បីការពារ ព្រឹត្តិការណ៍ ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា ក្បូនយាន យន្តហែអម ការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទ ពិសេស និង សិទ្ធិអាទិភាពក្នុងការធ្វើចរាចរណ៍ ដោយមានការ អញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអង្គភាពចំណុះក្រសួង មហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធផងដែរ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ ។

ឯកឧត្តម សន្តិបណ្ឌិត រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កន្លងមកយើងមិនទាន់មានឯកសារគតិយុត្ត ឬ អនុក្រឹត្យណែនាំណាមួយឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងនគរបាលជាតិ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានានៅព្រះរាជាណាចក្រកម្ពុជានៅឡើង គឺមានតែជាបទបញ្ជានានា ដែលបានដាក់ចេញតាមភាពជាក់ស្តែងតែប៉ុណ្ណោះ ដូច្នេះថ្ងៃនេះយើងរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីពិនិត្យ និងពិភាក្សាប្រមូលធាតុចូលសំខាន់ៗ ដើម្បីរៀបចំសេចក្តីព្រាងអនុក្រឹត្យមួយឱ្យបានច្បាស់លាស់ និងមានភាពងាយស្រួលក្នុងគ្រប់គ្រង ក៏ដូចជាប្រើប្រាស់កម្លាំងនគរបាលជាតិ ដើម្បីឱ្យឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានានៅព្រះរាជាណាចក្រកម្ពុជាឱ្យបានសមស្រប៕





ដោយ-រ៉ាវុធ
ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ