អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលបច្ចេកទេសបារាំង រៀបចំវគ្គបំប៉នជំនាញបច្ចេកទេសត្រួតពិនិត្យកន្លែងកើតហេតុ

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលបច្ចេកទេស នៃសាធារណរដ្ឋបារាំង បានរៀបចំពិធីបើកវគ្គបំប៉នជំនាញបច្ចេកទេស ត្រួតពិនិត្យកន្លែងកើតហេតុ ក្រោមវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកដឹកនាំនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងជាតំណាង ឯកឧត្តម នាយឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ណាតាលី កាលីយ៉េ (Nathalie CARLIER) មេបញ្ជាការនគរបាលបារាំង និងជាអនុព័ន្ធសន្ដិសុខផ្ទៃក្នុងទទួលបន្ទុកប្រទេសកម្ពុជា នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ នៃក្រសួងមហាផ្ទៃបារំាងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ។

ពិធីបើកវគ្គបំប៉ននេះ ក៏មានការអញ្ជើញចូលរួមពី ប្រធាន និងអនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, គ្រូឧទ្ទេសនាម នៃការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ប្រចាំទីក្រុងប៉ារីស ព្រមទាំងសិក្ខាកាមចំនួន ២០រូបទៀត មកពីនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មួយចំនួន ដែលពិធីនេះរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។

លោកស្រី ណាតាលី កាលីយ៉េ (Nathalie CARLIER) បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែតុលា ឆ្នាំ២០២៣ ស្ដីពីបច្ចេកទេសគ្រប់គ្រងកន្លែងកើតហេតុ។ សកម្មភាពកិច្ចសហប្រតិបត្តិការបច្ចេកទេសនេះ គឺជាផ្នែកមួយនៃកិច្ចសន្ទនាប្រកបដោយការជឿទុកចិត្តដ៏យូរអង្វែងរវាង ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃបារាំង។ ដូច្នេះ វគ្គបណ្ដុះបណ្ដាលនេះ គឺជាឱកាសមួយ ដើម្បីចែករំលែកចំណេះដឹងរៀងៗខ្លួនផងដែរ។

អញ្ជើញមានប្រសាសន៍បើកវគ្គបណ្ដុះបណ្ដាល នាពេលនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា វគ្គសិក្សានេះពិតជាមានសារៈសំខាន់ណាស់ ចំពោះសិក្ខាកាមទាំងអស់ ដែលនឹងទទួលបាននូវជំនាញ និងបទពិសោធន៍ថ្មីៗ ពីអ្នកជំនាញនគរបាលបច្ចេកទេស នៃសាធារណរដ្ឋបារាំង ប្រចាំទីក្រុងប៉ារីស។ វគ្គបណ្ដុះបណ្ដាលនេះ ក៏ជាវគ្គពិសេសមួយដែលបានបង្កើនសមត្ថភាពមន្ដ្រីនគរបាលកម្ពុជា ក្នុងការស៊ើបអង្កេត វិភាគ និងវាយតម្លៃ នៅកន្លែងកើតហេតុ និងធ្វើសេចក្ដីសន្និដ្ឋានបានយ៉ាងច្បាស់លាស់ផងដែរ។

លើសពីនេះ ឯកឧត្តម អគ្គស្នងការរង បានសង្ឃឹម និងជឿជាក់ថា សិក្ខាកាមទាំងអស់ នឹងទទួលបាននូវជំនាញថ្មីៗ ហើយច្បាស់លាស់គ្រប់ៗគ្នា ក្រោយបញ្ចប់វគ្គសិក្សាជំនាញបច្ចេកទេស ត្រួតពិនិត្យកន្លែងកើតហេតុ៕

ដោយ-រ៉ាវុធ
ប្រភព ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner