ក្រសួងមហាផ្ទៃ រៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ ដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា
ភ្នំពេញ៖ ក្រសួងមហាផ្ទៃកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ ដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា ។ក្នុងនោះមានក្បួនយានយន្តហែអម ការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរសព្ទពិសេស និងសិទ្ធិអាទិភាពក្នុងការធ្វើចរាចរណ៍ជាដើម។
ការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធផងដែរ។

ប្រភពក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ៅ ច័ន្ទតារា បានលើកឡើងថា កន្លងមកមិនទាន់មានឯកសារគតិយុត្ត ឬអនុក្រឹត្យណែនាំណាមួយឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងនគរបាលជាតិ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានានៅកម្ពុជានៅឡើង គឺមានតែជាបទបញ្ជានានា ដែលបានដាក់ចេញតាមភាពជាក់ស្តែងតែប៉ុណ្ណោះ។
ដូច្នេះ ថ្ងៃនេះយើងរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីពិនិត្យ និងពិភាក្សាប្រមូលធាតុចូលសំខាន់ៗដើម្បីរៀបចំសេចក្តីព្រាងអនុក្រឹត្យមួយឱ្យបានច្បាស់លាស់ និងមានភាពងាយស្រួលក្នុងការគ្រប់គ្រង ក៏ដូចជាប្រើប្រាស់កម្លាំងនគរបាលជាតិ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានានៅកម្ពុជាឱ្យបានសមស្រប ៕ ដោយ៖ គឹម យុត្ថារ៉ូ