ចិនបើកបង្ហាញការចាប់ខ្លួនចារជនស៊ើបការណ៍ឱ្យអាមេរិក មួយករណីទៀត
ប៉េកាំង៖ ទីភ្នាក់ងារចារកម្មកំពូលរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃទី២២ ខែតុលាថា ពលរដ្ឋចិនដែលធ្វើការឱ្យវិទ្យាស្ថានការពារជាតិមួយរងការចោទប្រកាន់ពីបទចារកម្មឱ្យសហរដ្ឋអាមេរិក ហើយសំណុំរឿងរបស់បុរសជនសង្ស័យរូបនោះត្រូវបានផ្ទេរទៅតុលាការទីក្រុង Chengdu ដើម្បីកាត់ទោស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ករណីនេះ ជាករណីចុងក្រោយបង្អស់ ដែលបង្ហាញពីចំណាត់ការរបស់ទីក្រុងប៉េកាំងលើផ្នែកសន្តិសុខជាតិ ការពង្រីកច្បាប់ប្រឆាំងចារកម្ម និងការបង្ក្រាបអំពើពុករលួយក្នុងស្រុក។
បើតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV បុរសសង្ស័យមាននាមត្រកូល Hou និងធ្វើការនៅវិទ្យាស្ថានការពារជាតិមួយ ដែលអាជ្ញាធរចិនមិនបង្ហាញឈ្មោះ។ ក្នុងឆ្នាំ២០១៣ លោកត្រូវបានបញ្ជូនទៅឱ្យសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យអាមេរិក ហើយនៅទីនោះលោកត្រូវបានគេបង្ខិតបង្ខំឱ្យបង្ហាញអាថ៌កំបាំងរដ្ឋរបស់ចិន។
ក្រសួងសន្តិសុខរដ្ឋចិន បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយជាមួយនឹងរបាយការណ៍នៅលើគណនីបណ្ដាញសង្គម WeChat កាលពីថ្ងៃអាទិត្យ ដោយនិយាយថា «សកម្មភាពចារកម្មដើរទន្ទឹមគ្នាជាមួយនឹងការបោកបញ្ឆោត ការល្បួង និងការសមគំនិត»។
អាជ្ញាធរចិនដដែល ក៏ដូចជាប្រព័ន្ធផ្សាយផ្សាយចិន មិនបានបង្ហាញឈ្មោះសាកលវិទ្យាល័យអាមេរិក ដែលលោក Hou ទៅសិក្សាស្រាវជ្រាវនោះទេ។
បើតាម CCTV សាស្ត្រាចារ្យអាមេរិកម្នាក់ដែលស្និទ្ធនឹងលោក Hou បានណែនាំលោកឱ្យស្គាល់អ្នកដែលអះអាងថា ជាបុគ្គលិកនៃក្រុមហ៊ុនប្រឹក្សាយោបល់មួយ ។ប៉ុន្តែតាមពិត បុគ្គលម្នាក់នោះជាមន្រ្តីស៊ើបការណ៍សម្ងាត់លាក់ខ្លួន ដោយក្លែងខ្លួនថាជាបុគ្គលិកក្រុមហ៊ុនប្រឹក្សាយោបល់។
ប៉ុន្មានខែក្រោយមក នៅពេលដែលអ្នកទាំងពីរស្គាល់គ្នាកាន់តែជិតស្និទ្ធ មន្រ្តីស៊ើបការណ៍សម្ងាត់រូបនោះបានទៅជួបលោក Hou ដើម្បីសុំឱ្យលោកក្លាយជាអ្នកជំនាញប្រឹក្សានៅ «ក្រុមហ៊ុនរបស់លោក» ដោយសន្យាបង់ប្រាក់ឱ្យលោកចំនួន ៦០០-៧០០ ដុល្លារ សម្រាប់តម្លៃនៃការប្រឹក្សាម្ដងៗ។
ក្រោយមកទៀត ពេលប្រពន្ធ និងកូនប្រុសរបស់លោក Hou ទៅលេងនៅសហរដ្ឋអាមេរិក មន្រ្តីចារកម្មនោះបានបង្ហាញពីចេតនាពិតរបស់ខ្លួន ហើយបានស្នើឱ្យមានការផ្លាស់ប្តូរពីរបៀបដែលពួកគេសហការគ្នា។ លោក Hou ដោយភ័យខ្លាចចំពោះសុវត្ថិភាពប្រពន្ធ និងកូនប្រុស ក៏បានយល់ព្រមតាមលក្ខខណ្ឌ ជាថ្នូរនឹងប្រាក់មួយចំនួនផងដែរ។
ទូរទស្សន៍ CCTV ផ្សាយទៀតថា ក្នុងឆ្នាំ ២០១៤ លោក Hou បានត្រឡប់ទៅកាន់ប្រទេសចិនវិញ ហើយជួបជាមួយភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកនៅពេលចូលរួមក្នុងសន្និសីទអន្តរជាតិ។ ពេលជួបនោះ លោកបានផ្តល់ព័ត៌មានស៊ើបការណ៍នៅក្នុងវិស័យការពារជាតិ និងឧស្សាហកម្មយោធា តាមគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់។
បន្ទាប់ពីការស៊ើបអង្កេតដោយរដ្ឋាភិបាលចិន លោក Hou ត្រូវបានចាប់ឃុំខ្លួនក្នុងខែកក្កដា ឆ្នាំ២០២១ ហើយរងការចោទប្រកាន់ពីបទសង្ស័យថា ធ្វើចារកម្ម។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានចាប់ និងឃុំខ្លួនជនជាតិចិន និងបរទេសរាប់សិបនាក់ ពីបទសង្ស័យចារកម្ម។ ថ្មីៗនេះ ទីភ្នាក់ងារចារកម្មចិន បានចេញផ្សាយព័ត៌មានលំអិតថ្មីអំពីជនជាតិចិនមានសញ្ជាតិអាមេរិកាំងម្នាក់ ដែលជាប់គុកអស់មួយជីវិតពីបទចារកម្មកាលពីដើមឆ្នាំនេះ៕ ប្រែសម្រួល៖ ហួន ឌីណា