កាឌី៖ បច្ចុប្បន្នកសិករ៤០ភាគរយ កំពុងដាំដុះពូជស្រូវសែនក្រអូប០១ ដែលកំពុងមានតម្រូវការច្រើននៅទីផ្សារចិន និងនៅអឺរ៉ុប

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាឬ កាឌី(CARDI) បានឱ្យដឹងថា ពូជស្រូវសែនក្រអូប០១ ជាប្រភេទស្រូវក្រអូបស្រាលដែលមានរយៈពេលខ្លី មិនប្រកាន់រដូវ ទទួលបានទិន្នផលខ្ពស់ ខណៈដែលបច្ចុប្បន្នកសិករ៤០ភាគរយ កំពុងដាំដុះពូជស្រូវនេះ ដោយសារតែមានតម្រូវការច្រើននៅទីផ្សារចិន និងនៅអឺរុប។

លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI) បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែតុលាថា ពូជស្រូវសែនក្រអូប០១នេះ ជាប្រភេទពូជស្រូវស្រាល ដែលមានក្លិនក្រអូបស្រាល បើសិនជាកសិករធ្វើជាស្រូវពង្រោះអាចប្រើប្រាស់ពេលវេលា១០៥ថ្ងៃ ។ប៉ុន្តែបើស្ទូង ត្រូវប្រើពេលវេលា១១៥ថ្ងៃ។

លោកបានបន្ថែមថា ពូជស្រូវនេះ បានធ្វើចេញពីពូជស្រូវសែនក្រអូបចំនួនបួនពូជ ក្នុងរយៈពេលប្រាំមួយឆ្នាំ ទើបអាចជ្រើសរើសស្រឡាយពូជនេះ បានបីស្រឡាយ ទើបយកមកដាំនៅលើដីស្រែ ក្នុងរយៈពេលពីរឆ្នាំទៀត ទើបចម្រាញ់បានស្រឡាយមួយដែលល្អជាងគេ គឺពូជសែនក្រអូប០១នេះ ដែលកសិករអាចដាំដុះបានដោយមិនប្រកាន់រដូវ ប្រសិនបើគាត់គ្រប់គ្រងទឹកបានល្អ។

លោក ឡោ ប៊ុណ្ណា បានបញ្ជាក់ថា ៖ «ពូជស្រូវសែនក្រអូប០១នេះ ជាពូជស្រូវមួយដែលមានទីផ្សារល្អ ដោយតម្រូវការទីផ្សារនៅក្រៅប្រទេសមានច្រើនជុំវិញពិភពលោក។ ដូចនេះពូជស្រូវនេះ មានលក្ខណៈល្អណាស់ សម្រាប់កសិករយើងក្នុងការផលិត ដោយមិនបារម្ភក្នុងការខ្វះទីផ្សារ»។

នាយកវិទ្យាស្ថាន CARDI បានបន្ថែមថា ចំពោះទិន្នផលវិញ ស្រូវប្រភេទនេះ ទទួលបានផលចន្លោះពី ៣.៩តោន ទៅ៦តោន ក្នុងមួយហិកតា អាស្រ័យទៅលើការដីមានជីជាតិ និងមានទឹកគ្រប់គ្រាន់។ ពូជស្រូវសែនក្រអូប០១នេះ ក្រសួងកសិ កម្មបានបញ្ចេញឱ្យកសិករប្រើប្រាស់ កាលពីឆ្នាំ២០១៩ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម បានជំរុញឱ្យប្រជាកសិករប្រើប្រាស់ពូជសុទ្ធ ដែលធ្វើឱ្យវាមានលក្ខណៈងាយស្រួល សម្រាប់សហព័ន្ធស្រូវអង្ករក្នុងការប្រមូលទិញ សម្រាប់នាំចេញ។

«កាលណាគាត់យកពូជសុទ្ធទៅប្រើប្រាស់ គឺកសិករយើងគាត់ចំណេញច្រើន ដោយទី១ គាត់អាចកើនទិន្នផលដល់១៥ភាគរយ, ទី២ស្រូវមានគុណភាពល្អមានទីផ្សារ។ ដើម្បីសម្រេចបានទិន្នផលច្រើន កសិករដែលដាំដុះពូជនេះ ត្រូវមានការកៀរដីឱ្យស្មើល្អ ដែលនាំឱ្យប្រើប្រាស់ទឹកតិចជាងមុន, ការពារការបំផ្លាញពីកណ្តុរ, ស្រូវទុំស្មើគ្នាល្អ។ ម្យ៉ាងវិញទៀត កសិករត្រូវប្រមូលនៅពេលស្រូវទុំ និងមានសំណើម ២៥ ទៅ២៧ភាគរយ ទើបអាចផលិតអង្ករដែលមានគុណភាពល្អបាន»។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងដែរថា ស្រូវសែនក្រអូប០១ ជាប្រភេទអង្ករក្រអូប មិនប្រកាន់រដូវ ខណៈដែលផ្ការំដួលជា ប្រភេទអង្ករប្រណីត និងមានតម្លៃខ្ពស់នៅលើទីផ្សារ ។អង្ករទាំងពីរប្រភេទនេះ មានតម្រូវការប្រហាក់ប្រហែលគ្នានៅខាងទីផ្សាអឺរ៉ុប និងចិន។

លោកបានបន្ថែមថា ថ្វីត្បិតការនាំចេញស្ថិតនៅក្នុងបរិមាណប្រហែលគ្នាមែន ប៉ុន្តែចំពោះតម្លៃទឹកប្រាក់នៃការនាំចេញវិញ អង្កររំដួលទទួលបានទឹកប្រាក់នាំចេញច្រើនជាង។

លោកបាននិយាយថា ៖ «ពូជស្រូវផ្ការំដួល ដែលផលិតចេញជាអង្ករប្រណីតផ្ការំដួលមកនេះ ជាអង្ករល្អផ្តាច់គេលើលោក និងមានតម្លៃថ្លៃ ហើយពូជស្រូវនេះ ធ្វើបានតែម្តងទេក្នុងមួយឆ្នាំ គេហៅថាពូជស្រូវប្រកាន់រដូវ។ ចំណែកសែនក្រអូបវិញ ជាពូជអង្ករក្រអូបធម្មតា ដែលមិនប្រកាន់រដូវ។ ដូច្នេះតម្លៃពូជទាំងពីរនេះមិនអាចប្រៀបផ្ទឹមគ្នាបានទេ»។

តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេលប្រាំបួនខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៤៥៦ ៥៨១ តោននាំចេញដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៧ ដែលគិតជាទឹកប្រាក់បានចំនួន ៣២៧.៤៥ លានដុល្លារ។

ក្នុងនោះបាននាំចេញអង្ករទៅកាន់ប្រទេស និងតំបន់ដូចជា នាំចេញទៅកាន់ប្រទេសចិន និងហុងកុង, នាំចេញទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស, នាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៥ប្រទេស និងនាំចេញទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ាចំនួន ២៤ប្រទេស ។

ការនាំចេញនេះ មានប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២,៤៣ភាគរយ, អង្ករសចំនួនជិត ១២,២៦ភាគរយ, អង្ករចំហ៊ុយ ៣,៣៣ភាគរយ, អង្ករសរីរាង្គចំនួន ១,៧៧ភាគរយ និងអង្ករសគ្រាប់ខ្លីចំនួន០,០២ភាគរយ។ ជាមួយគ្នានេះ នៅរយៈពេល៩ខែឆ្នាំ២០២៣នេះ កម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ០៧៧ ៤១៥តោន គិតជាទឹកប្រាក់បានប្រមាណជា ៨៦២.៣៩លានដុល្លារ ដែលក្នុងនោះជាង ៥៩ ភាគរយ បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕ ដោយ៖ វណ្ណ សុជាតា

ads banner