តើកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចនៃយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧មានអ្វីខ្លះ?

ភ្នំពេញ៖កាលពីព្រឹថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបានអញ្ជើញ ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«មន្ទីរពេទ្យជាតិតេជោសន្តិភាព»និងប្រកាសដាក់ឱ្យអនុវត្តជា ផ្លូវការនូវកម្មវិធីទី១នៃគោលនយោបាយជាអាទិភាពទាំង៦គឺ«ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» ។
តើកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចរបស់រាជរដ្ឋាភិបាលមានអ្វីខ្លះ?កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចរបស់រាជរដ្ឋាភិបាលសម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣នេះ រួមមាន៖

កម្មវិធីទី១. ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកលដោយចាប់ផ្តើមពី (១). ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យប្រមាណជាង៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១.៥ លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល(២).ការពង្រីករបបថែទាំសុខភាពរបស់ប.ស.សទាំងសម្រាប់កម្មករ-និយោជិត និងសម្រាប់មន្ត្រីសាធារណៈដែលគ្របដណ្តប់បន្ថែមដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកប្រមាណជាង ៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ ជាសរុបគម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤ លាននាក់មានលទ្ធភាពទទួល បាននូវរបបសន្តិសុខសង្គមផ្នែកសេវាថែទាំងសុខភាព។

កម្មវិធីទី២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅ ទូទាំងប្រទេស ដែលមានចំនួនប្រមាណជាង ១,៥ លាននាក់ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។

កម្មវិធីទី៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្តល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យទៅតាម ស្ថានភាពជាក់ស្តែងនៃវិបត្តិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេសដែលនឹងគ្របដណ្តប់លើប្រជាជនសរុប ប្រមាណ ៤,៣ លាននាក់។

កម្មវិធីទី៤. ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការតាមរយៈ (១). ការផ្តល់នូវការគាំពារនិងការបង្កើតនូវបរិយាកាស អំណោយផលសម្រាប់ធុរកិច្ចនិងពាណិជ្ជកម្មព្រមជាមួយនឹងការផ្តល់នូវការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម និង(២). ការផ្តល់ការគាំពារសង្គមដល់បុគ្គលស្វ័យនិយោជន៍ក្នុងសេដ្ឋកិច្ចក្រៅ ប្រព័ន្ធដោយផ្តោតការយកចិត្តទុកដាក់ជាបឋមលើការផ្តល់សេវាថែទាំសុខភាពនៅក្រោមមូលនិធិសមធម៌សុខាភិបាល។

កម្មវិធីទី៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារនិងរក្សាលំនឹងថ្លៃ កសិផលសំខាន់ៗក្នុងកម្រិតសមរម្យ តាមរយៈការដាក់ចេញកញ្ចប់ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន ១០០លានដុល្លារអាមេរិក និងអាចវិភាជថវិកាបន្ថែមប្រសិនបើមានតម្រូវការចាំបាច់ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលក្នុងការទិញកសិផលពីប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល ជាពិសេស លើផលិតផលកសិកម្មមួយចំនួន ជាអាទិ៍ ស្រូវស្វាយកែវ រមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងផលិតផលផ្សេងទៀតតាមការចាំបាច់។

កម្មវិធីទី៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំសង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន។ រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងយកចិត្តទុកដាក់ផងដែរ ទៅលើការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ ដើម្បីរក្សាកម្លាំងរបស់កសិករក្នុងការផលិត ក៏ដូចជា ការតថ្លៃជាមួយអ្នកទទួលទិញ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner