ចិនបារម្ភថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងរីករាលដាលកាន់តែធំ
ប៉េកាំង៖ប្រទេសចិនកំពុងមើលឃើញស្ថានការណ៍ជម្លោះនៅតំបន់ហ្កាហ្សា(Gaza)ថា ជារឿងដែលធ្ងន់ធ្ងរហើយជម្លោះនេះអាចនឹងរីករាលដាលកាន់តែធំទៅៗនៅក្នុងតំបន់មជ្ឈិមបូព៌ា ។យោងតាមបេសកជនចិនពិសេសប្រចាំនៅតំបន់មជ្ឈិមបូព៌ាបានឱ្យដឹងថា ទំហំនៃជម្លោះនេះកំពុងរីករាលដាលនៅក្នុងតំបន់បន្តិចម្ដងៗ។
ខណៈពេលកំពុងបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា ប្រេសិតពិសេសរបស់ចិន លោក ចាយ ជុន (Zhai Jun) បានចង្អុលបង្ហាញឱ្យឃើញពីជម្លោះនៅព្រំដែនអ៊ីស្រាអែល-លីបង់ និងអ៊ីស្រាអែល-ស៊ីរី និងបានសម្តែងការព្រួយបារម្ភអំពីស្ថានការណ៍ដ៏គ្រោះថ្នាក់មួយនេះ។
លោក ចាយ បានជំរុញឱ្យសហគមន៍អន្តរជាតិរក្សាការប្រុងប្រយ័ត្ន និងចាត់វិធានការឱ្យបានឆាប់រហ័ស។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីទប់ស្កាត់វិបត្តិមនុស្សធម៌ ជាពិសេសគឺការខិតខំប្រឹងប្រែងរួមគ្នាគ្រប់គ្រងស្ថានការណ៍។
លោក ចាយ បាននិយាយថា ៖ «ប្រទេសចិនមានឆន្ទៈក្នុងការធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយសម្រួលដល់ការសន្ទនា បង្កើតបទឈប់បាញ់ និងនាំមកនូវសន្តិភាព ក៏ដូចជាគាំទ្រដំណោះស្រាយរដ្ឋពីរផងដែរ»។
កាលពីសប្តាហ៍មុន លោក ចាយ បានប្រកាសចាត់ទុកវិបត្តិអ៊ីស្រាអែល-ហ្កាហ្សា ថាជាបញ្ហាខ្វះចន្លោះក្នុងការធានាដល់សិទ្ធិរបស់ក្រុមប៉ាឡេស្ទីន។ នេះជាការលើកឡើងអំឡុងពេលលោកបានជួបជាមួយសមភាគីរុស្ស៊ីក្នុងប្រទេសកាតាដែលជាតួអង្គដ៏សំខាន់ដែលកំពុងព្យាយាមសម្រុះសម្រួលភាគីក្នុងជម្លោះ។
ប្រេសិតពិសេសរបស់ចិនរូបនេះបានបញ្ជាក់ថា ប្រទេសចិននឹងរក្សាទំនាក់ទំនងយ៉ាងយកចិត្តទុកដាក់ជាមួយសហគមន៍អន្តរជាតិ រួមទាំងប្រទេសទាំងអស់នៅតំបន់អារ៉ាប់ផងដែរ។ គួរបញ្ជាក់ថា លោកបានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប់រួមនៅថ្ងៃទី២៣ ខែតុលា ដើម្បីចូលរួមវេទិកាទំនាក់ទំនងចិន-អារ៉ាប់ លើកទី១០ និងកិច្ចសន្ទនាអរិយធម៌ចិន-អារ៉ាប់ ហើយលោកក៏នឹងឡើងថ្លែងសុន្ទរកថាផងដែរ។
បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ម៉ៅ និង (Mao Ning) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «បេសកជនពិសេសរបស់ចិនមានបំណងបន្តទស្សនកិច្ចទៅកាន់ភាគីពាក់ព័ន្ធនៅមជ្ឈិមបូព៌ា»។ នេះជាការឆ្លើយតបរបស់លោកស្រី នៅពេលត្រូវបានគេសាកសួរអំពីផែនការរបស់លោក ចាយ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល ឬទឹកដីប៉ាឡេស្ទីន។
យោងតាមទូរទស្សន៍ CCTV លោក ចាយ កំពុងរៀបចំផែនការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងប្រទេសជិតខាងផ្សេងទៀត។ មុនពេលធ្វើដំណើរ លោក ចាយ ក៏បានសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន អ៊ីស្រាអែល អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងន័រវែស ព្រមទាំងតំណាងពិសេសមកពីអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបទៀតផង។
ទូរទស្សន៍ CCTV បានដកស្រង់សម្ដីរបស់លោកថា ៖ «ប្រទេសចិនបានផ្តល់ នឹងបន្តផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ប៉ាឡេស្ទីន តាមរយៈអង្គការសហប្រជាជាតិ និងដោយផ្ទាល់ពីប្រទេសចិន ដើម្បីជួយសម្រាលវិបត្តិមនុស្សធម៌នៅទីនោះ»៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia China says outlook worrisome as conflict spreads in Middle East: State media