ប្រមុខការទូតចិន៖ ប្រទេសទាំងអស់មានសិទ្ធិការពារខ្លួន តែត្រូវការពារជនស៊ីវិល និងគោរពតាមច្បាប់អន្តរជាតិ

ប៉េកាំង៖ ប្រមុខការទូតចិនបានប្រាប់សមភាគីអ៊ីស្រាអែលថា ប្រទេសទាំងអស់មានសិទ្ធិស្វ័យការពារខ្លួន ប៉ុន្តែពួកគេត្រូវតែការពារជនស៊ីវិលជាដាច់ខាត និងគោរពតាមច្បាប់អន្តរជាតិ។

រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានប្រាប់ថ្លែងបែបនេះនៅក្នុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក អែលី ខូហែន ដែលនេះជាលើកដំបូងចាប់តាំងពីសង្គ្រាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

លោក វ៉ាង បានប្រាប់លោក ខូហែន ថា ចិនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការបន្តកើនឡើងនៃជម្លោះ និងថា ប្រទេសទាំងអស់មានសិទ្ធិស្វ័យការពារខ្លួន ប៉ុន្តែពួកគេគួរតែគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ និងការពារសុវត្ថិភាពរបស់ជនស៊ីវិល។ លោក វ៉ាង បានសង្កត់ធ្ងន់ថា កិច្ចការដ៏តឹងតែងបំផុតនៅពេលនេះ គឺទប់ស្កាត់ស្ថានការណ៍តានតឹងកុំឱ្យកើនឡើងបន្ថែមទៀត និងមិននាំឱ្យមានគ្រោះមហន្តរាយមនុស្សធម៌កាន់តែធ្ងន់ធ្ងរ។
នៅថ្ងៃចន្ទដដែលនេះ លោក វ៉ាង ក៏បានពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសប៉ាឡេស្ទីន លោក រីយ៉ាដ អាល់ម៉ាលីគី ផងដែរ។

លោក វ៉ាង បានប្រាប់លោក ម៉ាលីគី ថា អ្វីដែលប្រជាជនហ្កាហ្សាត្រូវការបំផុតនាពេលបច្ចុប្បន្ន គឺសន្តិសុខ និងស្បៀងអាហារ រួមទាំងថ្នាំពេទ្យ មិនមែនសង្គ្រាម និងអាវុធ ឬក៏គ្រាប់រំសេវទេ។ លោក វ៉ាង បន្ថែមថា អ្វីដែលតំបន់ហ្កាហ្សាស្ទី្របត្រូវការបំផុត គឺការខិតខំប្រឹងប្រែងដើម្បីបញ្ឈប់សង្រ្គាម និងលើកកម្ពស់សន្តិភាព មិនមែនការគណនាភូមិសាស្ត្រនយោបាយនោះទេ។ ភាគីចិនតែងតែធ្វើយុទ្ធនាការដើម្បីបង្កើតបទឈប់បាញ់ និងបញ្ចប់អំពើហិង្សា ហើយបានអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកសន្តិភាពវិញ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner