ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គឺជាសកម្មភាពមួយ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈក្នុងសេដ្ឋកិច្ចនិងសង្គមឌីជីថល
(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការកសាងរដ្ឋាភិបាលឌីជីថល គឺជាសកម្មភាពមួយដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈក្នុងសេដ្ឋកិច្ចនិងសង្គមឌីជីថល។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្តថា យន្តការអនុវត្តនិងរចនាសម្ព័ន្ធដឹកនាំនៃដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងក្រសួង ស្ថាប័ន ដើម្បីជាមូលដ្ឋានក្នុងការចេញដំណើរដែលត្រូវមានការរៀបចំអង្គភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួង ស្ថាប័នជាចាំបាច់ ការរៀបចំតភ្ជាប់បណ្តាញ ឧបករណ៍ឌីជីថលនិងប្រព័ន្ធ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យ ព្រមទាំងការរៀបចំផែនការអភិវឌ្ឍន៍ឌីជីថលនិងផែនការសកម្មភាពនៅតាមក្រសួង ស្ថាប័ន។

ឯកឧត្តម គូសបញ្ជាក់បន្ថែមថា ថ្មីៗនេះ ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់វិស័យសាធារណៈនិងឯកជននៅកម្ពុជា ដែលអាចផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាពនិងជឿទុកចិត្តបាន ព្រមទាំងជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាលនិងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់អត្ថប្រយោជន៍ដល់ក្រសួង ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។
ការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពី “ការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល” ហៅកាត់ថា សន្និសីទ GovTech ជាលើកដំបូង ក្រោមប្រធានបទ “ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មន្រ្តីបច្ចេកទេសពីក្រសួង ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍ អង្គការសមាគម និងវិស័យឯកជន ដែលមានចំនួនសរុបប្រមាណ ២០០នាក់។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា សន្និសីទនេះ ជាការចាប់ផ្តើមថ្មីមួយទៀត ក្នុងកិច្ចការសកម្មភាពទាក់ទងនឹងការជំរុញកិច្ចសន្ទនា ការផ្លាស់ប្តូរបទពិសោធ និងការបញ្ជ្រាបការយល់ដឹងក្នុងការចាប់យកនិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ព្រមទាំងការស្វែងយល់ពីបញ្ហាប្រឈមនិងដំណោះស្រាយកន្លងមក ជូនគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរវាងក្រសួង ស្ថាប័ន ដើម្បីចូលរួមក្នុងដំណើរនៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងគាំទ្រដល់ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម Stefan Messerer បានលើកឡើងពីសារៈសំខាន់នៃឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈសម្រាប់ដំណើរការនៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា បរិវត្តកម្មឌីជីថលមិនត្រឹមតែផ្លាស់ប្តូររបៀបដែលប្រជាពលរដ្ឋប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្តូររបៀបដំណើរការទំនាក់ទំនងការងារផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម Stefan Messerer បានបន្ថែមថា តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសាធារណៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងរដ្ឋាភិបាលឌីជីថលមួយដែលមានប្រសិទ្ធភាព ការឆ្លើយតប និងផ្តោតការយកចិត្តទុកដាក់កាន់តែច្រើនលើប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា សន្និសីទ GovTech នាពេលនេះ មានគោលបំណងសំខាន់ចំនួន៣ ដូចជា (១)ផ្តល់វេទិកាសម្រាប់មន្រ្តីបច្ចេកទេសឌីជីថលក្នុងការចែករំលែកបទពិសោធ ឧត្តមានុវត្តន៍ និងករណីសិក្សាពាក់ព័ន្ធនឹងអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល (២)ជំរុញនិងបង្កើនភាពស្និទស្នាលនិងដៃគូសហការ និង(៣)កំណត់អំពីចំណុចខ្វះខាតនិងកាលានុវត្តភាពសម្រាប់ការស្រាវជ្រាវ នវានុវត្តន៍ និងការរៀបចំគោលនយោបាយបន្ថែម៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា