ក្រសួងកសិកម្ម កំពុងជំរុញការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីផ្សព្វផ្សាយដល់កសិករលើការប្រើប្រាស់ធាតុចូលកសិកម្មឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ជាពិសេសការទប់ស្កាត់ការនាំចូលធាតុចូលកសិកម្មខុសច្បាប់ជាពិសេសនៅបណ្តាខេត្តជាប់ព្រំដែន។

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដោយផ្តោតសំខាន់លើការធានាសន្តិសុខស្បៀង គុណភាពផលិតផល និងស្ថិរភាពតម្លៃក្នុងខ្សែច្រវាក់តម្លៃល្អ ការជំរុញសហគមន៍កសិកម្មតាមគម្រូថ្មី ព្រមទាំងការដាក់ពង្រាយមន្ត្រីផ្សព្ចផ្សាយកសិកម្មឃុំ ដើម្បីជួយដល់កសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ចំណេញ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម គង់ ច័ន្ទវាសនា បានណែនាំឱ្យមានការផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកលក់ធាតុចូលកសិកម្ម និងពង្រឹងការផ្សព្វផ្សាយដល់កសិករលើការប្រើប្រាស់ធាតុចូលកសិកម្មឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។

ឯកឧត្តមបានបញ្ជាក់ថា ៖ «ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ការនាំចូលធាតុចូលកសិកម្មខុសច្បាប់ជាពិសេសនៅបណ្តាខេត្តជាប់ព្រំដែន ការលក់តាមអនឡាញ( Online )មិនមានចុះបញ្ជីការ ការក្លែងបន្លំគុណភាព ដែលនាំឱ្យមានការប៉ះពាល់សុខភាព បរិស្ថាន និងបញ្ហាផ្សេងៗ ហើយក៏សូមឱ្យពិនិត្យលទ្ធភាពលើសុពលភាពបញ្ជីការឱ្យលើសពី ៣ឆ្នាំផងដែរ»។

បើតាមឯកឧត្តមរដ្ឋលេខាធិការ ជាយន្តការអគ្គនាយកដ្ឋានកសិកម្មត្រូវសិក្សាបន្ថែម និងត្រូវការសហការគ្នាល្អទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងត្រូវមានរបបរបាយការណ៍ប្រចាំខែច្បាស់លាស់ត្រឹមត្រូវ តាមដានការត្រួតពិនិត្យ និងផ្សព្វផ្សាយពីច្បាប់ និងធាតុចូលកសិកម្ម ដល់អាជីវករ និងកសិករអ្នកប្រើប្រាស់ឱ្យបានទូលំទូលាយ ដើម្បីអនុវត្តការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មនេះឱ្យបានល្អបំផុត។

លោក ឃុន សាអែម ប្រធានសហគមន៍កសិម្មបាភ្នំមានជ័យ នៃខេត្តព្រៃវែង បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែតុលាថា នៅខាងតំបន់របស់លោក មិនសូវមាន ជីគីមីក្លែងក្លាយនោះទេ ប៉ុន្តែសម្បូរថ្នាំពុលកសិកម្មកញ្ចប់ ដែលក្លែងក្លាយ។

លោកបានបន្ថែមថា អាជីវករខ្លះខិលខូច បើប្រាស់កញ្ចប់ថ្នាំពុលកសិកម្មជាប្រភេទម្សៅ យកមកខ្ចប់លាយម្សៅមី ដោយកន្លងទៅធ្លាប់មានកសិករទិញចំផលិតផលក្លែងក្លាយបែបនេះ។

លោក ឃុន សាអែម បានស្នើដល់មន្រ្តីពាក់ព័ន្ធ ឱ្យបន្តចុះពិនិត្យដែរ និងចាត់វិធានការទប់ស្កាត់ជីថ្នាំកសិកម្ម ដែលក្លែងក្លាយដែលដាក់លក់លើទីផ្សារ និងផាកពិន័យឱ្យធ្ងន់ធ្ងរ ចំពោះក្រុមជនណា ដែលនៅតែបន្តការលក់ដូរផលិតផលក្លែងក្លាយដែលគ្មានគុណភាពបែបនេះ។

របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងរយៈពេលប្រាំបួនខែ ឆ្នាំ២០២៣នេះ កម្ពុជា បាននាំចូលជីកសិកម្ម ក្នុងទំហំទឹកប្រាក់ជាង២៣៤លានដុល្លារ កើនឡើងជាង១៨ភាគរយ ខណៈដែលការនាំចូលថ្នាំសម្លាប់សត្វល្អិត និងថ្នាំសម្លាប់ស្មៅ មានទំហំទឹកប្រាក់ជាង១២០លានដុល្លារ ថយចុះជិត៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕ ដោយ៖ វណ្ណ សុជាតា

ads banner