សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបទៅកាន់ក្រុមប្រឆាំងនៅក្រៅស្រុកថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋ កំពុងរស់នៅ និងធ្វើការនៅអ៊ីស្រាអែល
(កំពង់ចាម)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរ ទៅកាន់ក្រុមប្រឆាំងថា តើអ្នកដែលអួតថា គិតគូរពីប្រយោជន៍ប្រជាពលរដ្ឋនោះ បានធ្វើអ្វីខ្លះដើម្បីប្រជាពលរដ្ឋ ឬបានត្រឹមតែចេញវីដេអូឃ្លីប បង្ហោះលើ Facebook ហើយក៏បាត់ទៅវិញ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចោទសួរដូច្នេះជាការឆ្លើយតបទៅកាន់ក្រុមប្រឆាំងនៅក្រៅស្រុក ដែលរិះគន់លើរាជរដ្ឋាភិបាលថា មិនបានគិតគូរពីប្រជាពលរដ្ឋ កំពុងរស់នៅ និងធ្វើការនៅប្រទេសអ៉ីស្រាអែល គឺគ្រាន់តែជាការគេងចំណេញ នយោបាយប៉ុណ្ណោះ ។
សម្តេចធិបតីក៏បានចោទសួរទៅកាន់អ្នកនយោបាយចាស់វស្សា ដែលអួតរឿងរៃអង្គាសលុយទិញសំបុត្រយន្តហោះ ឱ្យនិស្សិតខ្មែរត្រឡប់មកកម្ពុជាវិញនោះ ជាង ១០ថ្ងៃហើយនៅមិនទាន់ធ្វើ ប៉ុន្តែបើសម្រាប់ខ្លួនឯងវិញ ជិះយន្តហោះទៅរៃអង្គាសដល់បារាំង អាមេរិក អូស្ត្រាលី ។

សម្តេចបញ្ជាក់ថា រាជរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ៤៤ឆ្នាំមកនេះ បានគិតគូរពីផលប្រយោជន៍ និងអាយុជីវិត របស់ប្រជាពលរដ្ឋជាធំ ដោយបានរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះឈ្នះ ហើយសង្គ្រោះជីវិតប្រជាពលរដ្ឋ ពីជំងឺកូវីដ១៩ ផងដែរ ។
ចំពោះប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសអ៊ីស្រាអែលវិញ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងតាមដានជាប់ជាប្រចាំ ដោយតម្រូវឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរាយការណ៍ជូនសម្តេច ៤ដងក្នុង ១ថ្ងៃពីសុខទុក្ខរបស់បងប្អូននៅទីនោះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ម៉ឺន២ពាននាក់ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

សូមជម្រាបថា រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខនិស្សិតខ្មែរទាំងអស់ នៅក្នុងប្រទេសអ៊ីស្រាអែល ដោយចាត់ទុកសុវត្ថិភាពរបស់ពួកគេជាអាទិភាពចម្បងបំផុត។ បច្ចុប្បន្ន និស្សិតខ្មែរ ដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៤៥០នាក់ មានសុវត្តិភាពទាំងអស់គ្នា ដោយមានការការពារយ៉ាងតឹងរឹង ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែល នៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋាន ដែលពួកគាត់កំពុងស្នាក់នៅ និងហាត់ការ ៕


អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និងង៉ាន ទិត្យ