ស្នងការរាជធានីភ្នំពេញ ចុះពិនិត្យការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ យប់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញបានចុះពិនិត្យការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាពត្រឹមត្រូវ ដែលមានគោលដៅនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ការពង្រឹង និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលនេះគឺ ចំពោះអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព នឹងត្រូវធ្វើឡើងទាំងពេលយប់ និងពេលថ្ងៃរយៈពេលពេញ១ខែតែម្ដង។

លោកអធិការបានបន្តឲ្យដឹងទៀតថា ក្នុងយុទ្ធនាការ១ខែពេញនេះ គឺសមត្ថកិច្ចមិនមានការពិន័យជាប្រាក់នោះទេ ចំពោះអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាពនោះ។ ប៉ុន្ដែសមត្ថកិច្ចតម្រូវឲ្យអ្នកដែលមិនមានមួកទាំងអស់ធ្វើយ៉ាងណារកមួកសុវត្ថិភាពមកពាក់សិន ទើបនគរបាលអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត៕ធ.ដ

