រដ្ឋាភិបាលសម្ពោធដាក់ឱ្យអនុវត្តគម្រោង ATscale សម្រាប់ពង្រឹងសេវាស្តារលទ្ធភាពពលកម្មជនពិការ និងកម្មវិធីសុខភាពភ្នែក
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ឈាង រ៉ា និងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឯកឧត្តម ជា សុមេធី កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោង ATscale សម្រាប់ពង្រឹងសេវាស្តារលទ្ធភាពពលកម្មជនពិការ និងកម្មវិធីសុខភាពភ្នែក ។គម្រោងនេះចង់ផ្ញើសារថា រដ្ឋាភិបាលមិនបោះបង់ចោលជនមានពិការភាពម្នាក់ណាឡើយ និងផ្តល់នូវសេចក្តីសង្ឃឹមដល់ជនមានពិការភាពគ្រប់ៗរូប ។
ក្រសួងសុខាភិបាលបានឱ្យដឹងថា គម្រោង ATscale ជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងៗទៀតនោះទេ ក៏ជាសារមួយរំឭកទាំងអស់គ្នាថា រដ្ឋាភិបាលមិនបោះបង់ចោលជនមានពិការភាពម្នាក់ណាឡើយ និងមិនគ្រាន់តែអភិវឌ្ឍកសាងមូលដ្ឋានផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែផ្តល់នូវសេចក្តីសង្ឃឹមដល់ជនមានពិការភាពគ្រប់ៗរូប។ ក្រៅពីនេះមិនគ្រាន់តែផ្តល់នូវឧបករណ៍អវយវៈសប្បនិម្មិតនោះទេ តែ ក៏ផ្តល់ដល់ពួកគាត់នូវសេចក្តីថ្លៃថ្នូរ និងការផ្លាស់ប្តូរជីវិតឱ្យប្រសើរឡើង។
ក្នុងឱកាសនោះឯកឧត្តម ឈាង រ៉ា បានថ្លែងថា គោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការរក្សាបានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងមានសន្តិសុខដែលជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ធ្វើអោយមានការអភិវឌ្ឍ និងការរីកចម្រើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន។

លោកបញ្ជាក់ថា៖«នាអាណត្តិមុនៗ របស់រាជរដ្ឋាភិបាលកម្ពុជា វិស័យសុខាភិបាលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះការងារថែទាំសុខភាពបឋម ត្រូវបានកែលម្អ និងបានចូលរួមចំណែកដល់ភាពរីកចម្រើន និងជោគជ័យ ផ្នែកសុខភាព ក្នុងប្រទេសកម្ពុជា ដោយបានកាត់បន្ថយបានជាអតិបរិមា នូវអត្រាឈឺ និងស្លាប់ របស់ទារក កុមារមានអាយុ ៥ឆ្នាំ និងស្រ្តី ជំងឺឆ្លង ដូចជា អេដស៍ គ្រុនចាញ់ របេងជាដើម»។
លោកបន្ថែមថា ជាជំហានៗទៅមុខដូចគ្នាទៅនឹងប្រទេសក្នុងតំបន់ ការរីកចម្រើនខាងសេដ្ឋកិច្ច និងប្រជាសាស្រ្ត បាននាំឱ្យមានការរំពឹងថានឹងមានការកើនឡើងនូវចំនួនប្រជាជន និងចំនួនវ័យចាស់ជរាដែលនឹងនាំមកនូវបន្ទុកជំងឺមិនឆ្លង បញ្ហាសុខភាពផ្លូវចិត្ត និងសេចក្តីត្រូវការសេវាសម្រាប់ជនដែលមានវ័យកាន់តែចាស់ជរាទៅអនាគត។
ឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជាក់ថា៖«ការសហការគ្នា និងបំពេញគ្នាទៅវិញទៅមកនេះ បាននឹងបង្កើតឱ្យមានប្រព័ន្ធ និងសេវាស្តារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសប្បនិម្មិត គ្រប់ជ្រុងជ្រោយដើម្បីបម្រើឱ្យផលប្រយោជន៍ជនមានពិការភាព»។
រដ្ឋមន្ត្រីសង្គមកិច្ចឯកឧត្តម ជា សុមេធី បានចាត់ទុកពិធីសម្ពោធនេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់និងឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីក និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសេវាស្ដារលទ្ធភាពពលកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា និងមានគោលបំណងបំពាក់ឧករណ៍បច្ចេកវិទ្យាជំនួយជូនជនមានពិការភាព ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកម្មវិធីនិងការសម្របសម្រួលភាពជាដៃគូអនុវត្តគម្រោងសេវាស្ដារលទ្ធភាពពលកម្មជូនជនមានពិការភាព ។
ឯកឧត្តមបានលើកឡើងថា នៅកម្ពុជាមានអត្រាជនមានពិការភាពអាយុ៥ឆ្នាំឡើងសរុបចំនួន ៦៨៩,៤៥៧ នាក់ ស្មើនឹង ៤.៩ភាគរយ នៃប្រជាជនសរុប (យោងតាមជំនឿឆ្នាំ២០១៩)។
មូលហេតុចម្បងៗដែលនាំឱ្យមានពិការភាព គឺបណ្តាលមកពីជំងឺផ្សេងៗ កង្វះអាហារូបត្ថម្ភ តំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយសារមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អំពើហិង្សា គ្រោះមហន្តរាយ ចាស់ជរា និងមូលហេតុផ្សេងៗទៀត ដែលមូលហេតុទាំងនេះប្រែប្រួលទៅតាមបម្រែបម្រួលប្រជាសាស្រ្ត និងសម័យកាល។ ជាមួយគ្នានោះ លោកបានបង្ហាញនូវក្តីសង្ឃឹមថា ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងទាំងពីរ និងកម្មវិធីអេធីស្កេល នឹងបង្កើនកម្រិតកិច្ចសហប្រតិបត្តិការឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បច្ចេកវិទ្យាជំនួយសម្រាប់ជនមានពិការភាពនៅកម្ពុជា។
បើតាមក្រសួងសុខាភិបាល ក្នុងចំណោមជនមានពិការភាពដែលមានការលំបាកខ្លាំង ក្នុងការធ្វើចលនា ទាំងនោះ មានចាស់ជរា អ្នកជម្ងឺរាំរ៉ៃ ដែលមានបញ្ហាភ្នែក និងធ្វើចលនា អតីតយុទ្ធជន និងជនមានពិការភាពដោយសាមីន និងគ្រោះថ្នាក់ចរាចរណ៍។ សម្រាប់បញ្ហាភ្នែក អត្រាប្រេវ៉ាឡង់ពិការភ្នែក គឺ ០.៣៧% ក្នុងឆ្នាំ ២០១៩៕ ដោយ៖ សុខ រក្សា