រុស្ស៊ី ធ្វើសមយុទ្ធត្រាប់វាយប្រហារនុយក្លេអ៊ែរសងសឹកទ្រង់ទ្រាយធំ

មូស្គូ៖ សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង កាលពីថ្ងៃពុធទី ២៥ ខែតុលាបាននិយាយថា រុស្ស៊ីបានធ្វើសមយុទ្ធ «ត្រាប់វាយប្រហារនុយក្លេអ៊ែរសងសឹក» ទ្រង់ទ្រាយធំដោយជោគជ័យ ទាំងតាមផ្លូវទឹក គោក និងអាកាស ។សកម្មភាពនេះស្របពេលដែលទីក្រុងមូស្គូស្វែងរកការលុបចោលការផ្ដល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរដ៏សំខាន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សមយុទ្ធ ដែលរួមមានទាំងការបាញ់សាកល្បងមីស៊ីលពីស៊ីឡូក្រោមដី ពីនាវាមុជទឹកនុយក្លេអ៊ែរ និងពីយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយនេះ បានប្រព្រឹត្តទៅខណៈរុស្ស៊ី និងលោកខាងលិចបន្តប្រឈមមុខដាក់គ្នាយ៉ាងតានតឹង ជាពិសេសជុំវិញសង្រ្គាមនោអ៊ុយក្រែន។

វិមានក្រឹមឡាំង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ស្តីពីសមយុទ្ធនុយក្លេអ៊ែរនេះថា វារួមបញ្ចូលទាំងការបាញ់មីស៊ីលឆ្លងទ្វីប Yars ពីកន្លែងសាកល្បងនៅគោលដៅមួយនាតំបន់ចុងបូព៌ារបស់រុស្ស៊ី ការបាញ់មីស៊ីលផ្លោងចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្នុងសមុទ្រ Barents និងការបាញ់មីស៊ីលគ្រូសពីយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-95MS។

សេចក្ដីថ្លែងការណ៍បានបន្តថា៖ «នៅក្នុងដំណើរការនៃព្រឹត្តិការណ៍នេះ មានការសាកល្បងពីកម្រិតនៃការត្រៀមខ្លួនរបស់អាជ្ញាធរបញ្ជាការយោធា និងជំនាញរបស់មន្រ្តីជាន់ខ្ពស់ និងមន្រ្តីប្រតិបត្តិការក្នុងការរៀបចំកងទ័ពក្រោមបង្គាប់។ គ្រប់ភារកិច្ចដែលរៀបចំទុកទាំងអស់ក្នុងសមយុទ្ធ សម្រេចឡើងដោយជោគជ័យ»។

ចំណែកឯទូរទស្សន៍រដ្ឋបានផ្សាយ ដោយស្រង់សម្ដីរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu ដែលនិយាយថា សមយុទ្ធត្រាប់វាយប្រហារនុយក្លេអ៊ែរទ្រង់ទ្រាយធំនេះ គឺជាការត្រៀមឆ្លើយតបនឹងការវាយប្រហារនុយក្លេអ៊ែររបស់សត្រូវ។

គួរបញ្ជាក់ថា រុស្ស៊ីធ្វើសមយុទ្ធបែបនេះដើម្បីសាកល្បងអ្វីដែលខ្លួនហៅថា នុយក្លេអ៊ែរត្រីកោណ (ដី ទឹក អាកាស) ពីមួយពេលទៅមួយពេល ខណៈសហរដ្ឋអាមេរិកក៏ធ្វើសមយុទ្ធនុយក្លេអ៊ែរដូចគ្នានេះជាប្រចាំ។

នាពេលនេះ ភាពតានតឹងនុយក្លេអ៊ែរស្ថិតក្នុងកម្រិតខ្ពស់បំផុតរាប់ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ ហើយក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយ រុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក កំពុងបោះជំហានយ៉ាងឆាប់រហ័សឈានទៅរកការលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ ដោយនៅតែរង់ចាំការអនុម័តពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន តែប៉ុណ្ណោះ។

ប្រទេសនេះបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាមានការដកសច្ចាប័នក៏ដោយ ក៏ខ្លួនមិនមានគម្រោងបោះបង់កិច្ចព្រមព្រៀងផ្អាកការសាកល្បងនុយក្លេអ៊ែរឆ្នាំ ១៩៩២ រួមជាមួយសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) ដែលហាមឃាត់ការសាកល្បងគ្រាប់នុយក្លេអ៊ែរផ្ទាល់នោះទេ។

រុស្ស៊ីទទូចថា ខ្លួននឹងធ្វើសកម្មភាពបែបនេះ ប្រសិនបើសហរដ្ឋអាមេរិកធ្វើវាមុន ខណៈការប្រឈមមុខដាក់គ្នា ជាពិសេសលើបញ្ហាអ៊ុយក្រែន បន្តតានតឹង។ ប៉ុន្តែមានការព្រួយបារម្ភថា រុស្ស៊ីអាចបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ ដើម្បីព្យាយាមបំបាក់ទឹកចិត្តលោកខាងលិច ពីការបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner