លោក ត្រាំ រងការពិន័យជាថ្មីមួយម៉ឺនដុល្លារ ចំពោះការរំលោភលើបទបញ្ជារបស់តុលាការអាមេរិក
អាមេរិក៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ រងការពិន័យជាប្រាក់ ១០ ០០០ ដុល្លារកាលពីថ្ងៃពុធ បន្ទាប់ពីចៅក្រមដែលត្រួតពិនិត្យការជំនុំជម្រះសំណុំរឿងក្លែងបន្លំរដ្ឋប្បវេណីរបស់លោកបានរកឃើញថា អ្នកនយោបាយបក្សសាធារណរដ្ឋរូបនេះរំលោភលើដីកាបញ្ជារបស់តុលាការជាលើកទី២។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោកចៅក្រម Arthur Engoron កាលពីសប្តាហ៍មុន បានពិន័យលោក ត្រាំ ជាទឹកប្រាក់ ៥ ០០០ ដុល្លារម្ដងរួចមកហើយ ក្រោយលោកមិនបានលុបចោលការបង្ហោះសារប្រមាថក្រឡាបញ្ជីរបស់ចៅក្រម។ លោកចៅក្រម Engoron មុននោះ បានចេញដីកាហាមឃាត់មិនឱ្យលោក ត្រាំ ធ្វើការអត្ថាធិប្បាយវាយប្រហារបុគ្គលិកតុលាការ។
កាលពីថ្ងៃពុធម្ដងទៀត អំឡុងពេលសម្រាកក្នុងសវនាការលើបណ្តឹងរបស់អគ្គមេធាវីក្រុងញូវយ៉ក លោកស្រី Letitia James ជុំវិញការអនុវត្តអាជីវកម្មរបស់លោក ត្រាំ អតីតប្រធានាធិបតីរូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ «ចៅក្រមនេះ គឺជាចៅក្រមដែលប្រកាន់បក្ខពួកខ្លាំងណាស់ ដោយមានមនុស្សម្នាក់ដែលប្រកាន់បក្ខពួកនិយមដូចគ្នាអង្គុយក្បែរគាត់។ថាមិនថា អ្នកដែលអង្គុយក្បែរគាត់ប្រហែលជាប្រកាន់បក្ខពួកជាងគាត់ផង»។
លោក Engoron បានសន្មតថា លោក ត្រាំ និយាយបែបនេះដោយសំដៅទៅលើក្រឡាបញ្ជីរបស់លោក ដែលជាការរំលោភលើបទបញ្ជា ហើយត្រូវផាកពិន័យ។
កាលពីថ្ងៃពុធដដែល លោក Michael Cohen ដែលធ្លាប់ធ្វើមេធាវីមួយលើកឱ្យលោក ត្រាំ បានសារភាពក្រោយការចោទសួរពីមេធាវីបច្ចុប្បន្នរបស់លោក ត្រាំ ថា លោកបានទទួលប្រាក់លើកទឹកចិត្ត ដើម្បីរិះគន់លោក ត្រាំ ប៉ុន្តែបន្តនិយាយការពារខ្លួននៅពេលផ្ដល់សក្ខីកម្មក្នុងសវនការដដែល។
កាលពីថ្ងៃអង្គារ លោក Cohen បានផ្តល់សក្ខីកម្មក្នុងករណីដែលគេចោទប្រកាន់ថា អាជីវកម្មគ្រួសាររបស់លោក ត្រាំ មានការរៀបចំឯកសារហិរញ្ញវត្ថុដោយខុសច្បាប់ ដើម្បីបោកបញ្ឆោតអ្នកឱ្យខ្ចី និងអ្នកធានា។ លោក Cohen បាននិយាយថា លោក ត្រាំ បានបំប៉ោងតម្លៃនៃទ្រព្យសម្បត្តិអចលនទ្រព្យរបស់អង្គការត្រាំ «តាមតែអំពើចិត្ត» ដើម្បីទទួលបានបុព្វលាភធានារ៉ាប់រង។
គួរគូសបញ្ជាក់ថា លោក ត្រាំ ដែលជាបេក្ខជននាំមុខគេរបស់គណបក្សសាធារណរដ្ឋដើម្បីប្រជែងឈ្មោះបោះឆ្នោតប្រធានាធិបតី ជាមួយលោកប្រធានាធិបតី ចូ បៃដិន នៅឆ្នាំ ២០២៤ បានបដិសេធមិនធ្វើខុសក្នុងសំណុំរឿងនេះ ហើយបានការពារការវាយតម្លៃនៃទ្រព្យសម្បត្តិរបស់លោក។ ដាច់ដោយឡែកពីគ្នា ក្នុងឆ្នាំនេះ លោក ត្រាំ បានសារភាពថាមិនមានកំហុស ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៤ផ្សេងទៀត៕ ប្រែសម្រួលដោយ៖ ហួន ឌីណា