​​​កាហ្សាក់ស្ថាន​៖ មនុស្ស​ជាង​ ៤០ នាក់​ស្លាប់​ និង​បាត់​ខ្លួន​ ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​​នៅ​អណ្ដូង​រ៉ែ

អាស្តាណា៖ក្រសួង​​សង្រ្គោះ​បន្ទាន់​​​កាហ្សាក់ស្ថាន​បាន​និយាយ​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ​​មនុស្ស​​​ ៣២ នាក់​បាន​ស្លាប់​ និង​១៤ ​នាក់​ផ្សេង​ទៀត​​ ​​​នៅតែ​​​បន្ត​​បាត់​​ខ្លួន​ ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​នៅ​​​​អណ្តូង​រ៉ែ​ធ្យូង​ថ្ម​ Kostenko នា​ខេត្ត​ភាគ​កណ្ដាល​របស់​ប្រទេស​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ 

ក្រុមហ៊ុន​ប្រតិបត្តិករ​ ArcelorMittal Temirtau ​​​បាន​និយាយ​ថា​ មនុស្ស​ ២០៦ នាក់​ក្នុង​ចំណោម​ ២៥២ នាក់​ក្នុង​អណ្ដូងរ៉ែ​កើត​ហេតុ​ បាន​ជម្លៀស​ចេញ​ទាន់​ពេល​ បន្ទាប់​ពី​ការ​​ផ្ទុះ​​ឧស្ម័ន​មេតាន​​។ ក្រុម​ហ៊ុន​បន្ត​ថា​ មនុស្ស​​ ១៨ នាក់​ បាន​រង​របួស​ ត្រូវ​ការ​សម្រាក​ព្យាបាល​។

​​ប្រធានាធិបតី​កាហ្សាក់ស្ថាន​ លោក​ Kassym-Jomart Tokayev ​​បាន​ចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ​និង​បាន​ប្រកាស​​ថ្ងៃទី​ ២៩ ខែ​តុលា​ថា ​ជា​ថ្ងៃ​​កាន់​ទុក្ខ​ជាតិ​។ លោក​ថែម​ទាំង​បាន​​បញ្ជា​ឱ្យ​​គណៈ​រដ្ឋ​មន្ត្រី​របស់​​លោក​ បញ្ឈប់​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ជាមួយ​ជាមួយ​ក្រុម​ហ៊ុន​ ArcelorMittal Temirtau ដែល​ជា​​ក្រុម​ហ៊ុន​ខ្សែ​ស្រឡាយ​របស់​​ក្រុម​ហ៊ុន​ផលិត​ដែក​​មាន​មូលដ្ឋាន​នៅ​ទីក្រុង​លុចសំបួរ​  ArcelorMittal​។

រីឯក្រុម​ហ៊ុន​ ArcelorMittal Temirtau ​បាន​និយាយ​ថា​ ខ្លួន​បាន​ផ្អាក​ប្រតិបត្តិការ​អណ្តូង​រ៉ែ​ធ្យូង​ថ្ម​នេះ​រយៈ​ពេល​ ២៤​ ម៉ោង​ ដើម្បី​​ត្រួត​ពិនិត្យ​មើល​​សុវត្ថិភាព​​​ឧស្ម័ន​​​។​​ រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ពួក​គេ​កំពុង​ធ្វើ​ការ​​​បញ្ចប់​កិច្ច​ព្រម​ព្រៀង​មួយ​ ដើម្បី​ធ្វើ​ជា​តូបនីយកម្ម​ក្រុម​ហ៊ុន​​ ដែល​ដំ​ណើរ​ការ​រោង​ចក្រ​ផលិត​ដែក​ដ៏​ធំ​បំផុត​របស់​ប្រទេស​មួយ​នេះ​។​

​​កាល​ពី​ខែ​មុន​ ឧបនាយក​រដ្ឋ​មន្ត្រី​ទី​​១​កាហ្សាក់ស្ថាន​ លោក​ Roman Sklyar ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​កាហ្សាក់ស្ថាន​កំពុង​ពិភាក្សា​ជាមួយ​អ្នក​វិនិយោគ​សក្តានុពល​ ដែល​អាច​កាន់​កាប់​រោង​ចក្រ​នេះ​។

លោក​​ថា​ គណៈ​រដ្ឋ​មន្ត្រី​មិន​សប្បាយ​ចិត្ត​នឹង​ការ​បរាជ័យ​របស់​ក្រុមហ៊ុន​ ArcelorMittal លើ​ការ​បំពេញ​កា​តព្វកិច្ច​វិនិយោគ​របស់​ខ្លួន​ ​ដំឡើងឧបករ​​ណ៍​​ថ្មី​ៗ​ និង​ធានា​សុវត្ថិភាព​កម្មករ​ បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​បង្ក​ការ​ស្លា​ប់​ជា​បន្ត​បន្ទាប់​។​

គួរ​​បញ្ជាក់​ថា​ ក្រុម​ហ៊ុន​ ArcelorMittal Temirtau គ្រប់​គ្រង​អណ្តូង​រ៉ែ​ធ្យូង​ថ្ម​ និង​រ៉ែ​ចំនួន​ ១៥​ នៅ​កាហ្សាក់ស្ថាន​។​ ​កាល​​​ពី​​​ខែ​​សីហា ​កម្មករ​​រ៉ែ​​​៤​​នាក់​ ​​បាន​ស្លាប់​ក្នុង​ហេតុការណ៍​​ភ្លើង​​ឆេះនៅ​​​​អណ្តូង​រ៉ែ Karaganda​ ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​នេះ​ដូច​គ្នា​៕

ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ At least 32 dead, 14 missing after ArcelorMittal mine fire in Kazakhstan  

ads banner