អាមេរិកផ្អាកការនាំចេញកាំភ្លើងទៅកាន់ប្រទេសថៃនិងប្រទេសផ្សេងទៀតចំនួន៩០ថ្ងៃ

អាមេរិក៖នាយកដ្ឋានពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានសម្រេចផ្អាកការនាំចេញសព្វាវុធ (ភាគច្រើន​ផលិតនៅអា​មេរិក)​ ទៅកាន់ប្រទេសថៃ និងទីផ្សារប្រទេសដទៃទៀតក្នុងរយៈពេល ៩០ថ្ងៃ។ ការផ្អាករយៈពេល ៩០ថ្ងៃរបស់សហរដ្ឋអាមេរិកនាពេលនេះ​ គឺធ្វើឡើងដើម្បីត្រួតពិនិត្យឡើងវិញ នូវការគាំទ្ររបស់ខ្លួនចំពោះការផ្ដ​ល់សព្វាវុធទៅកាន់ទីផ្សារនានា។​

ការពិនិត្យឡើងវិញនេះផងដែរ នឹងធ្វើឡើងជាបន្ទាន់ ដែលអាចឱ្យនាយកដ្ឋាន​វាយតម្លៃកាន់តែមាន​ប្រសិទ្ធភាព ឈានទៅកាត់បន្ថយហានិភ័យនៃអាវុធដែលត្រូវបានលក់ចេញទៅកាន់ទីផ្សារ​នានា ជាពិសេសធានាបាននូវការចៀសវាងការរំលោភ​សិទ្ធិ​មនុស្ស ឬ​បង្ក​សកម្មភាព​ឧក្រិដ្ឋកម្ម។​

វិធានការនេះបានគ្របដណ្ដប់លើទីផ្សារធំៗមួយចំនួនដូចជា ថៃ ប្រេស៊ីល និងប្រទេសហ្គូតេមាឡា ជាដើម​ ប៉ុន្តែយ៉ាងណា ការផ្អាកនេះមិនរាប់បញ្ចូលនូវអ៊ីស្រាអ៊ែល អ៊ុយក្រែន និងប្រទេស​ប្រមាណជា ៤០ទៀត ដែ​លមានកិច្ចព្រមព្រៀងត្រួតពិនិត្យការនាំចេញពហុភាគីនោះទេ។​

 វិធានការផ្អាកការនាំចេញកាំភ្លើងនេះ​ វាក៏មានទាក់ទិនផងដែរជាមួយនឹង​ករណីបាញ់សម្លា​ប់​រង្គាលកាលពីឆ្នាំមុន នៅពេលដែលអតីតប៉ូលិសម្នាក់ បានបាញ់សម្លាប់​មនុស្ស៣៥នាក់ ក្នុងនោះមានក្មេ​ង​២២នាក់។​

ការស៊ើបអង្កេតបានបង្ហាញថា កាំភ្លើងម៉ាក The Sig Sauer P365 ដែលត្រូវបានប្រើដោយឃាតករ នាពេ​លនោះ គឺជាកាំភ្លើងដែលផលិត និងនាំចេញពីសហរដ្ឋអាមេរិក។​

ការស៊ើបអង្កេតក៏បានលម្អិតផងដែរ​ពីក្រុមហ៊ុន Sig Sauer បានចុះកុងត្រាចំនួន២ ជាមួយ​ ថៃសម្រាប់​ការទិញយកកាំភ្លើងចំនួន ៤០ម៉ឺនដើម ក្នុងគោលដៅទុកឱ្យប៉ូលិស និងមន្ត្រី​រដ្ឋាភិបាលផ្សេងទៀតប្រើប្រាស់។

សូម​បញ្ជាក់ថា ប្រទេសថៃគឺជាទីផ្សារសព្វាវុធដ៏ធំមួយរបស់សហរដ្ឋអាមេរិក បើធៀបនឹងប្រទេសផ្សេង ទៀ​ត​ទូទាំងពិភពលោក។ ចាប់ពីឆ្នាំ ២០០៥ រហូតដល់ឆ្នាំ ២០២២ ការស៊ើបអង្កេតបានបង្ហាញថា កាំភ្លើងចំ​នួ​ន ៧៩៥,០០០ ដើមត្រូវបានចេញពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសថៃ។ ដែលចំនួននេះ ស្មើនឹង ២១.៥% នៃទីផ្សារនាំចេញទូទាំងពិភពលោក។

ដោយឡែក កាល​ពី​ពីរ​ទសវត្សរ៍​មុន សហរដ្ឋ​អាមេរិក​បាន​លក់​កាំភ្លើងក្នុងចំនួន​តិចតួចប៉ុណ្ណោះ​ទៅកាន់ទីផ្សារ​អន្តរជាតិ ប៉ុន្តែយ៉ាងណា ក្រោយក្រុមហ៊ុនផលិតក្នុងស្រុក បានបង្វែរទីផ្សារថ្មី ការលក់អាវុធបែបយោ​ធាបានកើនឡើងយ៉ាងឆាប់រហ័ស ដោយការលក់សរុបបានកើនឡើង​ច្រើនជាង ៣.៧លានអាវុធ ចាប់ពីឆ្នាំ ២០០៥មក៕​

ប្រែសម្រួល៖កែវ បុស្បា

ប្រភព៖ US freezes gun exports to Thailand and others

ads banner