រដ្ឋគ្រោងចំណាយជាង ២ ៥០០ លានដុល្លារលើការបើក និងដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការនិងកងកម្លាំងនៅឆ្នាំ២០២៤
ភ្នំពេញ៖ រដ្ឋាភិបាលគម្រោងចំណាយថវិកាជាតិឆ្នាំ២០២៤ ទំហំ ១០ ២៥៤ ៩៦៧ លានរៀល ឬប្រមាណជាង ២ ៥០០ លានដុល្លារអាមេរិក សម្រាប់ការបើក និងដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។
ឯកឧត្តម ប៉ែន បូណា មន្រ្តីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា រដ្ឋាភិបាលថ្មីតែងគិតគូរការដំឡើងប្រាក់ខែជូនមន្ត្រីទោះបីស្ថានភាពពិភពលោកមិនមានភាពអំណោយផល និងកំពុងរងគ្រោះក្តី។ ក្នុងនោះរដ្ឋក៏មានផែនការដំឡើងប្រាក់បៀវត្សមូលដ្ឋានដល់មន្ត្រី និងកងកម្លាំងចំនួន ៥ភាគរយផងដែរ។
ឯកឧត្តមបានបន្តថា យើងពិនិត្យមើលទៅបច្ចុប្បន្ន ជីវភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀនជាដើមមានជីវភាពសមរម្យមួយ ហើយចំនួនអ្នកដែលចង់ចូលបម្រើការជាមន្ត្រីរាជការក៏មានចំនួនកាន់តែច្រើនផងដែរ ទាំងក្មេងទាំងចាស់សម្រុកមកដាក់ពាក្យប្រឡងធ្វើមន្ត្រីរាជការ ខុសពីមុនឆ្ងាយណាស់។
ឯកឧត្តមបានសង្កត់ធ្ងន់ថាចំនួនអ្នកចង់បម្រើការងារក្របខ័ណ្ឌមន្ត្រីរាជការដ៏ច្រើនលើសលប់នៅពេលបច្ចុប្បន្ន សបញ្ជាក់ពីតម្លៃនៃមន្ត្រីរាជការ និងកត្តាជីវភាពរបស់មន្ត្រីដ៏សមរម្យមួយ ដែលកើតចេញពីការខិតខំ និងយកចិត្តទុកដាក់របស់រដ្ឋាភិបាលដែលធ្វើយ៉ាងណាដើម្បីឱ្យមន្ត្រីមានជីវភាពសមរម្យ។
យោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣បានបញ្ជាក់ថា រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិសរុបចំនួន ៣៧ ១១០ ៤០៤ លានរៀល ដែលស្មើនឹងចំនួន ២៩,៩៦ភាគរយ នៃសមាមាត្រផលិតផលក្នុងស្រុកសុប(ផ.ស.ស.)ដែលថយចុះជាងច្បាប់ថវិកាឆ្នាំ២០២៣ចំនួន ៥,៣ភាគរយ។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុបន្តថា សម្រាប់ថវិកាថ្នាក់ជាតិដែលត្រូវចំណាយនៅឆ្នាំ២០២៤ មានរង្វង់ ៣៤ ៤៩៧ ៤៤៤លានរៀល ស្មើនឹងអត្រា ២៤,១៣ភាគរយ នៃផ.ស.ស. និងចំណាយចំនួន ៤ ៣៣១ ៨៧១ លានរៀល ទៅលើគម្រោងចំណាយថ្នាក់ក្រោមជាតិ ដែលស្មើនឹងអត្រា ៣,០៣ភាគរយ នៃផ.ស.ស.។
ក្នុងនោះដែរគម្រោងចំណាយទៅលើបន្ទុកបុគ្គលិករដ្ឋ ឬប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធស្ថិតក្នុងរង្វង់ ១០ ២៥៤ ៩៦៧លានរៀល ឬស្មើប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក បែកចែងជា ៣ផ្នែកក្នុងនោះមាន (ទី១) ការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី ជំនួសអ្នកចូលនិវត្តន៍, (ទី២) ការដំឡើងបៀវត្សជូនមន្ត្រីរាជការ និង(ទី៣) ការដំឡើងប្រាក់បំណាច់មុខងារ។
សេចក្តីព្រាងច្បាប់ដដែលលើកឡើងថា រដ្ឋមានគោលបំណងបន្តអនុវត្តគោលនយោបាយដំឡើងប្រាក់បៀវត្សអប្បបរមាជូនមន្ត្រីរាជការ ប្រាក់បៀវត្សមូលដ្ឋានមូលដ្ឋានមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធនៅឆ្នាំ២០២៤ ខាងមុខ ក្នុងរង្វង់អត្រា ៥ភាគរយ។
ក្នុងន័យនេះ រដ្ឋនឹងផ្តល់បន្ថែមជូន ២២ ៥០០ រៀល សម្រាប់មន្រ្តីរាជការស៊ីវិលដែលមានប្រាក់បំណាច់មុខងារក្នុងកម្រិតចាប់ពី ១ ១៣០ ០០០រៀល ចុះក្រោម និងបន្ថែមជូន ២០ ០០០ រៀល សម្រាប់មន្រ្តីរាជការដែលមានប្រាក់បំណាច់មុខងារក្នុងកម្រិតចាប់ពី ១ ១៣០ ១០០រៀល ឡើងទៅ។
ប្រភពដដែលបន្តថា ផ្តល់បន្ថែមជូន ២៥ ០០០ រៀល សម្រាប់មន្រ្តីនគរបាលជាតិ និងយោធិន ដែលមានប្រាក់បំណាច់មុខងារ ក្នុងកម្រិតចាប់ពី ៩៦០ ០០០ រៀល ចុះក្រោម និងបន្ថែមជូន ២០ ០០០ រៀល សម្រាប់មន្រ្តីនគរបាលជាតិ និងយោធិន ដែលមានប្រាក់បំណាច់មុខងារក្នុងកម្រិតចាប់ពី ៩៦០ ១០០ រៀល ឡើងទៅ។ចំណែកមន្រ្តីជាប់កិច្ចសន្យា ក៏នឹងត្រូវបានដំឡើងពី ៧១ ម៉ឺនរៀល ទៅដល់ ៧៧ ម៉ឺនរៀលផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងដែរថា បើមើលទៅតួលេខគ្រោងដំឡើងប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងរង្វង់ ៥% នៅឆ្នាំ២០២៤ ។លោកបន្តថា ការដំឡើងនេះ ក៏ជាផ្នែកមួយអាចជំរុញសេដ្ឋកិច្ចជាងផងដែរ ព្រោះមន្ត្រីនឹងចំណាយប្រាក់ខែខ្លួនបន្ថែមទៅលើចំណាយចរន្ត ពោលគឺការចាយវាយប្រចាំថ្ងៃ ដែលជួយជំរុញសកម្មភាពសេដ្ឋកិច្ច។
លោក ហុង វណ្ណៈ បានថ្លែងថា ការគិតគូរដំឡើងប្រាក់បៀរវត្សជូនមន្ត្រីរាជការរបស់រដ្ឋាភិបាលថ្មីនេះ ជារឿងល្អ មិនខុសពីរដ្ឋាភិបាលមុននោះដែរ ហើយនឹងជំរុញកំណើនសេដ្ឋកិច្ច ដោយសារកាលណាមនុស្សមានលុយកាន់តែច្រើន នឹងចំណាយកាន់តែច្រើន មនុស្សកាន់តែចំណាយច្រើន ចរន្តសេដ្ឋកិច្ចកាន់តែរស់រវើក បង្កើនការលក់រាយ-ដុំ និងកំណើនទំហំវិនិយោគ។
សូមជម្រាបថា កាលពីឆ្នាំ២០២២ រដ្ឋាភិបាលមានទិសដៅចំណាយលើប្រាក់ខែបុគ្គលិករដ្ឋ មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធក្នុងទំហំជាង ៩ ៥៥៥ ០០០ លានរៀល ឬប្រមាណ ២ ២៩៥ លានដុល្លារ នៅក្នុងឆ្នាំ២០២៣ ក៏ដូចជាការដំឡើងប្រាក់បៀរវត្សផងដែរ ខណៈប្រាក់ខែជាអប្បបរមា ១,១លានរៀល ដំឡើងឱ្យដល់ជាង ១,៣លានរៀល ខណៈមន្រ្តីជាប់កិច្ចសន្យាដំឡើងដល់ ៧១ម៉ឺនរៀល ៕
ដោយ៖សំបាន ច័ន្ទដារ៉ា