ទូក «ង» ជាង ៣០០ ទូក នឹងចូលរួមប្រណាំង​ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនាខែវិច្ឆិកា​

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន​មានប្រសាសន៍ថា មានទូក ង ប្រមាណ​ជាង ៣០០ ទូក នឹងចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ​​ដើម្បីអបអរសាទរនៃពិធីបុណ្យនេះ និងបង្កលក្ខណៈសប្បា​យរីករាយជូនប្រជាពលរដ្ឋដែលនឹង​ប្រព្រឹត្តឡើង​ ចាប់ពី​​ថ្ងៃទី២៦-២៧ និងទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

សម្ដេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែង​ដូច​នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ​និយោជិត​ ជិត​២ម៉ឺនាក់ នៅតា​មបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែតុលា​។

សម្ដេចធិបតីបានមានប្រសាសន៍ថា ​នៅបន្តិចទៀត យើងមានពិ​ធីបុណ្យអុំទូក ហើយឥឡូវមានទូកចូលរួម ៣០០ ទូកហើយ​។ ពាក់ព័ន្ធនឹងការឧបត្ថម្ភចំណុះទូកនេះ​ដែរ ក៏​នឹងមានការចូលរួមពីរូបខ្ញុំ, ពីសម្តេចតេជោ ហ៊ុន សែន ​​ប្រធានគណបក្សប្រជា​ជនកម្ពុជា និងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ ។

ជាមួយគ្នានេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏​បានអំពាវនាវដល់ប្រជាពលដ្ឋ និងកម្មករ កម្មការិនី ចូលរួមសប្បាយរីករាយនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះដែរ​ ព្រោះកម្ពុជាខកខានសប្បាយរីករាយ​កាលពីសង្គ្រាមស៊ីវិលក្នុ​ងទសវត្សរ៍​ឆ្នាំ​៧០ និងអំឡុងពេលនៃការរីករាលដាល​កូវីដ​១៩​ជាដើម។

សូមរម្លឹកដែរថា ថ្លែងក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ នៅខេត្ត​ពោធិ៍សាត់ កាលពី​ចុង​ខែមិថុនា ​ឆ្នាំ២០២៣ កន្លងទៅសម្ដេចតេជោ  ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានប្រកាស​ថា នៅក្នុង​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​នឹងរៀបចំ​ព្រះរា​ជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក​ដ៏ធំ នៅរាជធានី​ភ្នំពេញ រួម​នឹងពិធីបុណ្យ​ឯករាជ្យ​ជាតិ​ផងដែរ ដើ​ម្បី​អបអរខួប​លើក​ទី ៧០ ឆ្នាំ នៃបុណ្យ​ឯករាជ្យ​ជាតិ​នេះ។

សូមបញ្ជាក់ដែរថា នៅតាមបណ្តាខេត្តមួយចំនួន បាននិងកំពុង​រៀបចំពិធីប្រណាំង​ទូកងផងដែរ ។ក្នុង​នោះមាន ខេត្តកណ្តាល សៀម​រាប បាត់ដំបង និង​ខេត្តព្រៃវែងជាដើម ដោយមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និង​អន្តរជាតិចូលរួម​ទស្សនា និង​អបអរសាទរជាច្រើន​កុះករផងដែរ៕

ដោយ៖គឹម យុត្ថារ៉ូ

ads banner