យុវជនមានពិការភាពកម្ពុជា ទទួលបានមេដាយមាស និងសំរឹទ្ធ ក្នុងការប្រកួតជាសកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣
ភ្នំពេញ៖ យុវជនមានពិការភាពកម្ពុជាចំនួនបួននាក់ទទួលបានមេដាយមាស និងសំរឹទ្ធពីការប្រកួតជាសកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣ ។ក្នុងនោះយុវជនមានពិការភាពម្នាក់ ទទួលបានមេដាយមាសមួយ និងសំរឹទ្ធមួយ នាទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមេរ៉ាត ។
លោក ចនពៅ ស៊ីរ៉ាណូ ជាយុវជនមានពិការភាពដែលទទួលបានមេដាយមាស ដោយការប្រកួតលើវិញ្ញាសា eLife Map រយៈពេលពីរថ្ងៃ ។យុវជនមានពិការភាពកម្ពុជាទាំងបួននាក់នេះ ក៏ទទួលបានមេដាយសំរឹទ្ធចំនួនបួនគ្រឿងផងដែរ លើវិញ្ញាប្រកួតលើវិញ្ញាសា eContent ជាលក្ខណៈក្រុម។
ប្រភពក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែតុលាថា ជាមោទនភាព និងអបអរសាទរ ដែលយុវជនមានពិការភាពកម្ពុជា ទទួលបានមេដាយមាស និងមេដាយសំរិទ្ធ ក្នុងការប្រកួតជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា សម្រាប់ការប្រកួតប្រជែងនេះ មានអ្នកចូលរួមសរុប ចំនួន ៥៣៦រូប ។ក្នុងនោះយុវជនមានពិការភាពចំនួន ៤៦១រូប (ប្រកួតផ្ទាល់ចំនួន ៩៥រូប និងប្រកួតតាមអនឡាញចំនួន ៣៦៦រូប) ដោយមានយុវជនមកពីប្រទេសចំនួន១៨ គឺកម្ពុជា អារ៉ាប់អេមីរ៉ាត កូរ៉េ ប៉ាគីស្ថាន អេហ្ស៊ីប ណេប៉ាល់ ម៉ុងហ្គោលី កេនយ៉ា អេត្យូពី បង់ក្លាដែស ចិន ឥណ្ឌា វៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឡាវ និងឥណ្ឌូនេស៊ី ។ការប្រកួតចាប់ពីថ្ងៃទី២៣ ដល់២៩ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តម ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែតុលាថា ដើម្បីអបអរសាទរដល់យុវជនមានពិការកម្ពុជាដែលទទួលបានមេដាយមាស និងមេដៃសំរឹទ្ធពីការប្រកួតនេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នឹងមកទទួលយុវជនមានពិការភាពកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅរសៀលថ្ងៃទី២៩ ប្រសិនគ្មានករណីណាប្រែប្រួល។
ដោយឡែក លោកស្រី ម៉ាក់ ម៉ូនីកា នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជា (CDPO) បានឱ្យដឹងដែរថា ក្នុងនាមជាអង្គការដែលធ្វើការលើវិស័យពិការភាព ពិតជាចូលរួមអបអរសាទរជាខ្លាំង ពីព្រោះនេះបង្ហាញថា កម្ពុជាជាប្រទេសមួយដែលមានជនមានពិការភាពដ៏មានសក្ដានុពលខ្ពស់ ហើយបានចូលរួមលើកមុខមាត់របស់ប្រទេស ដោយការបង្ហាញសមត្ថភាព និងទង់ជាតិខ្មែរទៅកាន់ប្រទេសផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថា ការប្រកួតជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ (Global IT Challenge for Youth with Disabilities (GITC)) គឺជាគម្រោងមួយដើម្បីពង្រឹងសមត្ថភាព ICT របស់យុវជនពិការ ចាក់គ្រឹះសម្រាប់វឌ្ឍនភាពសង្គម និងលើកកម្ពស់ការយល់ដឹងអំពីលទ្ធភាពប្រើប្រាស់ឌីជីថលសម្រាប់យុវជនពិការ។
GITC បានចាប់ផ្តើមនៅឆ្នាំ១៩៩២ នៅក្នុងប្រទេសកូរ៉េ ជាមួយនឹងគោលដៅកាត់បន្ថយការបែងចែកគម្លាតឌីជីថលសម្រាប់ជនមានពិការភាព។ ចាប់តាំងពីឆ្នាំ២០១១មក GITC ត្រូវបានពង្រីកដល់យុវជនពិការជុំវិញពិភពលោកដើម្បីលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាពនៅក្នុងសង្គមតាមរយៈការចូលរៀនថ្នាក់ឧត្តមសិក្សានិងស្វែងរកឱកាសការងារ៕
ដោយ៖ជា សុខនី


