ប្រមុខអង្គការសហប្រជាជាតិអំពាវនាវជាថ្មីម្តងទៀត ឱ្យបង្កើតបទឈប់បាញនៅហ្គាហ្សា

កដ្ឋមណ្ឌូ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ថា ស្ថានភាពនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស កំពុងធ្លាក់ដុនដាបយ៉ាងឆាប់រហ័ស ខណៈលោកអំពាវនាវជាថ្មីម្តងទៀត ឱ្យមានបទឈប់បាញ់ ដើម្បីបញ្ចប់ “សុបិន្តអាក្រក់” នៃការបង្ហូរឈាម។

ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស និយាយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីកដ្ឋមណ្ឌូ របស់ប្រទេសនេប៉ាល់ថា ស្ថានការណ៍នៅហ្គាហ្សា កាន់តែមានភាពអស់សង្ឃឹមពីមួយម៉ោងទៅមួយម៉ោង។ ខ្ញុំសោកស្ដាយ ដែលអ៊ីស្រាអែលជ្រើសយកការបង្កើនប្រតិបត្តិការយោធា ជំនួសឱ្យបទឈប់បាញ់មនុស្សធម៌ដែលត្រូវការគាំទ្រជាចាំបាច់ និងគាំទ្រដោយសហគមន៍អន្តរជាតិ។

លោក ហ្គូទែរេស បន្ថែមថា ពិភពលោកកំពុងតែឃើញមហន្តរាយមនុស្សធម៌ ដែលកើតឡើងនៅក្នុងកែវភ្នែករបស់យើង។ មនុស្សជាងពីរលាននាក់ ដែលរស់នៅក្នុងទីជម្រកគ្មានសុវត្ថិភាព ត្រូវគេបដិសេធមិនផ្តល់ឱ្យនូវស្បៀងអាហារ ទឹក ទីជម្រក និងការថែទាំសុខភាព ខណៈកំពុងទទួលរងនូវការទម្លាក់គ្រាប់បែកឥតឈប់ឈរ។

ដូច្នេះហើយ ខ្ញុំសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្ញុំ ចំពោះបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់, ការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ និងការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយនិរន្តរភាព ក្នុងកម្រិតមួយ ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនហ្គាហ្សា។ យើងត្រូវតែរួមកម្លាំងគ្នាដើម្បីបញ្ចប់សុបិន្តអាក្រក់នេះសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា, អ៊ីស្រាអែល និងអ្នកដែលរងផលប៉ះពាល់ជុំវិញពិភពលោក រួមទាំងអ្នកនៅទីនេះ នៅក្នុងប្រទេសនេប៉ាល់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner