ធនាគារសហគ្រាសធុនតូច និងមធ្យម បញ្ចុះអត្រាការប្រាក់ប្រចាំឆ្នាំបន្ថែម០,២៥ ភាគរយ សម្រាប់សហគ្រាសជាសមាជិកនៃសមាគម ឬស្ថាប័នដៃគូចំនួន១០

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ដើម្បីផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមឱ្យបានទូលំទូលាយ ធនាគារ សហគ្រាសធុនតូច និងមធ្យម (SME Bank) កម្ពុជាបានសម្រេចបញ្ចុះអត្រាការប្រាក់ប្រចាំឆ្នាំបន្ថែម ០,២៥ភាគរយ សម្រាប់សហគ្រាសជាសមាជិកនៃសមាគម ឬស្ថាប័នដៃគូ ដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

លោក លឹម អូន អគ្គនាយកធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ថា សហគ្រាសជាសមាជិកនៃសមាគម ឬស្ថាប័នដៃគូរបស់ធនាគារ SME ទាំង១០ ដែលទទួលបានការបញ្ចុះអត្រាការប្រាក់នោះ រួមមាន សមាគមសហគ្រិនស្ត្រីកម្ពុជា, សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា, សមាគមសហគ្រិនវ័យក្មេងកម្ពុជា, សមាគមស្វាយចន្ទីកម្ពុជា, សមាគមអ្នកផលិតចំណីអាហារកម្ពុជា, សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, សហគ្រិនខ្មែរ, ក្រុមហ៊ុនបញ្ជី ហ្វាញថេក ឯ.ក,ក្រុមហ៊ុន អាហ្រ្គីប៊ី (ខេមបូឌា) ម.ក និងស៊ីអ៊ីអូម៉ាស្ទឺក្លឹប។

លោកបានបញ្ជាក់ប្រាប់ថា ការផ្តល់ជូននេះគោលដៅធំនោះគឺ យើងចង់សម្រួលដល់ការលំបាកមួយកម្រិតដល់អតិថិជន ជាពិសេសអតិថិជន ជាសមាជិករបស់សមាគមទាំងអស់ដែលស្ថិតនៅក្នុងអាជីវកម្មគោលដៅ ដែលជាគោលបំណងរួមរបស់យើង ។

«ការណ៍ដែលធនាគារ SME ផ្តល់ការបញ្ចុះអត្រាការប្រាក់ឱ្យតែសមាជិករបស់សមាគម ឬស្ថាប័នជាដៃគូនេះ ព្រោះតែយើងចង់លើកទឹកចិត្តបន្ថែមទៀតដល់ពួកគាត់ចងក្រងគ្នាជាសមាគមក្តី ជាបណ្តាញក្តី ដើម្បីបង្កើតជាEco-System ជួយគ្នាទៅវិញទៅមក ក្នុងការអនុវត្តន៍ធុរកិច្ចរបស់ខ្លួន»។ លោក លឹម អូន បានបញ្ជាក់បន្ថែម។

លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រី ដែលជាសមាគមដៃគូរបស់ធនាគារSME យល់ឃើញដែរថា អត្រាការប្រាក់ដែលខាង SME Bank ផ្តល់ឱ្យសមាជិករបស់សមាគមសហគ្រិនស្ត្រីនេះ ជាលើកទឹកចិត្តបន្ថែមដែលអាចទទួលយកបាន ប៉ុន្តែសមាគមនៅតែសំណូមពរមួយចំនួន ដើម្បីឱ្យសមាជិករបស់សមាគមមានឱកាសទទួលបានឥណទានកាន់តែប្រសើរផងដែរ។

លោកស្រីបានស្នើបែបនេះថា ៖ «យើងចង់ឱ្យខាងធនាគារ SME បន្ធូរបន្ថយនូវបែបបទឯកសារ និងលក្ខខណ្ឌមួយចំនួនឱ្យបានកាន់តែងាយស្រួលជាងមុន ដើម្បីឱ្យសហគ្រិនស្រ្តីយើងមានឱកាសក្នុងការទទួលបានហិរញ្ញប្បទានហ្នឹងកាន់តែច្រើនឡើង ដើម្បីអាចយកមកស្តារ និងពង្រីកអាជីវកម្មរបស់ខ្លួនបាន»។

ចំណែកលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងដែរថា ការបញ្ចុះអត្រាការប្រាក់នេះ អាចជួយទ្រទ្រង់សហគ្រាសមួយចំនួនធំ ដោយក្នុងនោះមានសហគ្រាស ដែលជាសមាជិករបស់សមាគមស្វាយចន្ទីកម្ពុជាដែរ។

លោកបានបន្តថា កន្លងទៅ សមាជិកររបស់សមាគម ទទួលបានកម្ចីពីធនាគារSMEក្នុងអត្រាការប្រាក់ ៥,៥ ភាគរយ ជាអត្រាការប្រាក់មួយសមរម្យហើយ ហើយនៅពេលដែលការបញ្ចុះអត្រាការប្រាក់០,២៥ភាគរយបន្ថែមទៀត វាជារឿងដ៏ប្រសើរសម្រាប់សមាជិកសមាគម។

លោកថ្លែងថា ៖ «យើងរីករាយមែន ដែលខាងធនាគារSME បន្តទម្លាក់អត្រាការប្រាក់បន្ថែមទៀត ដែលវាធ្វើឱ្យសហគ្រាសក្នុងស្រុកកាន់តែមានលទ្ធភាពទទួលបានកម្ចីអត្រាការប្រាក់អនុគ្រោះក្នុងបរិបទដ៏ពិបាក ដែលមិនមែនតែកម្ពុជាទេដែលជួបបញ្ហានេះ គឺនៅទូទាំងពិភពលោក»។

បើតាមសមាគមស្វាយចន្ទីកម្ពុជា មកទល់ពេលនេះ សហគ្រាសជាសមាជិកសមាគមស្វាយចន្ទីកម្ពុជា មួយចំនួន ក្នុងចំណោម៣១សហគ្រាស បានទទួលកម្ចីការប្រាក់អនុគ្រោះ ២,៥លានដុល្លារ ពីធនាគាសហគ្រាសធុនតូច និងមធ្យម៕ ដោយ៖ វណ្ណ សុជាតា

ads banner