មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យកំពុងចងក្រងប្រវត្តិវត្ថុបុរាណ ដែលប្រមូលបានពីតាមទីទួលបុរាណ និងប្រាសាទបាក់បែក
ឧត្តរមានជ័យ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យកំពុងចងក្រងប្រវត្តិវត្ថុបុរាណ ដែលប្រមូលបានពីតាមទីទួលបុរាណ និងប្រាសាទបាក់បែក ដើម្បីរៀបចំដាក់បង្ហាញដល់មហាជន និងសិស្សចូលទស្សនាដូចសារមន្ទីរដែរ ខណៈវត្ថុបុរាណទាំងនោះមានទាំងនៅក្នុងឃ្លាំង និងក្រៅឃ្លាំងជាងមួយពាន់បំណែក។

លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែតុលាថា មកដល់ពេលនេះខាងមន្ទីរវប្បធម៌ខេត្តបានសាងសង់ឃ្លាំងសម្រាប់ដាក់វត្ថុបុរាណរួចរាល់ហើយ។ មន្ទីរបានប្រមូលនូវវត្ថុបុរាណ រូបបដិមា និងដុំចម្លាក់ ដែលបានមកពីទីតាំងទួលបុរាណ និងប្រាសាទបាក់បែកនានាក្នុងខេត្ត យកមកទុកក្នុងឃ្លាំងរបស់មន្ទីរវប្បធម៌ ដើម្បីថែរក្សាទុក ខណៈដែលពីមុនមកវត្ថុបុរាណទាំងនោះ នៅរាយប៉ាយមិនមានកន្លែងទុកដាក់ឱ្យបានសមរម្យនោះទេ។

លោកប្រធានមន្ទីរបានបន្តថា គិតមកត្រឹមឆ្នាំ២០២៣នេះ វត្ថុបុរាណដែលបានចុះក្នុងបញ្ជីរួច ទាំងនៅក្នុងឃ្លាំង និងក្រៅឃ្លាំងមានចំនួនសរុប ១ ៣៩៩ បំណែក/ដុំ/រូប។
លោកបានឱ្យដឹងទៀតថា ដោយសារតែទើបបានរៀបចំកន្លែងទុកដាក់វត្ថុបុរាណទាំងនោះរួចរាល់ ហេតុនេះវត្ថុបុរាណទាំងនោះនៅមិនទាន់បានសរសេរប្រវត្តិឬអាយុកាលនៅឡើយទេស្របពេលដែលការសរសេរប្រវត្តិវត្ថុបុរាណនីមួយៗនោះ វាអាចនឹងប្រើពេលយូរ ដើម្បីអាចរៀបចំដាក់តាំងបង្ហាញឱ្យដូចទៅនឹងសារមន្ទីរបាន។

លោក ហុង យឿន មានប្រសាសន៍ថា ៖ «ឥឡូវនេះ វានៅរាយប៉ាយនៅឡើយទេ ។យើងអត់ទាន់សរសេរព័ត៌មានដាក់តាំងនៅលើរូបនីមួយៗឡើយ។ ដូច្នេះយើងមិនទាន់បើកឱ្យសិស្សានុសិស្ស និងមហាជនចេញចូលទៅសិក្សាស្វែងយល់ និងទស្សនាបាននោះទេ»។
បើតាមលោកប្រធានមន្ទីរវត្ថុបុរាណដែលបានប្រមូលទាំងនោះ មានច្រើនប្រភេទណាស់ ហើយភាគច្រើនវត្ថុបុរាណទាំងនោះ មិនសូវនៅមានរូបរាងល្អៗទេ ។ដូច្នេះលោកមិនអាចអធិប្បាយពីប្រភេទវត្ថុទាំងនោះបានឡើយ ក៏ប៉ុន្តែមន្ទីរវប្បធម៌ខេត្ត កំពុងតែរៀបចំចងក្រងវត្ថុបុរាណដែលរកឃើញទាំងនោះដាក់ក្នុងសៀវភៅ ដើម្បីអាចស្រាវជ្រាវ និងសរសេរព័ត៌មានពីប្រវត្តិវត្ថុទាំងនោះ។

លោកបានបញ្ជាក់ថា ប្រហែលជាងមួយឆ្នាំទៀត បានយើងចងក្រង និងសរសេរប្រវត្តិវត្ថុទាំងអស់ហ្នឹងហើយអស់ ពីព្រោះវាមានបំណែកតូចតាចច្រើន ។បំណែកខ្លះវាមានតែជើង មានតែដៃ ឬខ្លះទៀតមានរូបរាងតែមួយតួខ្លួន អញ្ចឹងវាពិបាក ក្នុងការចងក្រងប្រវត្តិរបស់វត្ថុបុរាណទាំងនេះ»។
ទោះបីវត្ថុបុរាណទាំងនោះមានបំណែកបាក់បែកតូចៗច្រើនក្ដី ប៉ុន្តែឱ្យតែជាវត្ថុបុរាណ គឺសុទ្ធសឹងតែចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិមហាសាលហើយ ព្រោះនៅពេលដែលស្គាល់វត្ថុទាំងនោះ វាមានន័យបញ្ជាក់ពីប្រវត្តិនៃការកកើតទឹកដី ក៏ដូចជាការបញ្ជាក់ពីសម័យកាលមួយទៅសម័យកាលមួយទៀតផងដែរ។ នេះបើតាមការបន្ថែមឱ្យដឹងពីលោក ហុង យឿន។
សូមរំឭកដែរថា ប្រជាពលរដ្ឋ នៅភូមិព្រៃទទឹង ឃុំទួលព្រិច ស្រុកអង្គស្នួល បានប្រទះឃើញរូបចម្លាក់បុរាណកប់ក្នុងដីចម្ការរបស់ពួកគាត់ កាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៣ និងបានជីកកាយយកមកប្រគល់ជូនមន្ទីរវប្បធម៌ខេត្តកណ្តាលផងដែរ ហើយមន្ទីរក៏បានប្រគល់បន្តជូនសារមន្ទីរជាតិសម្រាប់រក្សាទុកផងដែរ៕ ដោយ៖ ជា សុខនី