ធនាគារជាតិនៃកម្ពុជា៖ វិស័យធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្នុងអំឡុងពេលចូលរួមកម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជាក្រោមប្រធានបទ «ជិះកង់ ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាព នៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ លោក យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជាបានថ្លែងថា ស័យធនាគារ និងហិរញ្ញវត្ថុបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌។

លោកបានបន្តថា វិស័យធនាគារ និងហិរញ្ញវត្ថុបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ជាច្រើនដូចជា រៀបចំកម្មវិធីបរិច្ចាគឈាមជាមួយសមាគមធនាគារនៅកម្ពុជា ការកសាងមត្តេយ្យសិក្សានៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ការបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការបណ្តុះបណ្តាលធនធានមនុស្ស សកម្មភាពការពារបរិស្ថាន និងការងារមនុស្សធម៌ផ្សេងៗទៀត។

ទន្ទឹមនេះដែរ លោកថា ព្រឹត្តិការណ៍ជិះកង់របស់សមាគមធនាគារនៅកម្ពុជានេះ ពិតជាបង្ហាញនូវការរួបរួមគ្នា មិត្តភាព និងសាមគ្គីភាពក្នុងការចួលរួមនឹងទាក់ទាញឱ្យមហាជនជួយលើកម្ពស់ដល់ទេសចរណ៍ ការវិនិយោគ និងការស្រលាញ់បរិស្ថាន ចូលរួមផ្សព្វផ្សាយការលើកកម្ពស់ប្រាក់រៀលពីសំណាក់ធនាគារ។

ក្នុងនាមអាជ្ញាធរខេត្តព្រះសីហនុ និងបានចូលរួម ព្រឹត្តការណ៍នេះដែរ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែតុលាថា វាជាសកម្មភាពផ្សព្វផ្សាយដល់មហាជនឱ្យឈ្វេងយល់ពីការអភិវឌ្ឍន៍វិស័យធនាគារ និងការជំរុញការលើកកម្ពស់ប្រាក់រៀល ក៏ដូចជាចូលរួមផ្សព្វផ្សាយ ដើម្បីជួយលើកម្ពស់វិស័យទេសចរណ៍ ដោយចងភ្ជាប់នូវការស្រលាញ់បរិស្ថាន។

លោកបានបន្តថា ព្រឹត្តការណ៍នេះបង្ហាញឱ្យឃើញនូវការសហការគ្នា រួបរួមគ្នា មិត្តភាព សាមគ្គីភាព និងភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការបង្កើននូវភាពជឿជាក់ប្រសិទ្ធភាព ធានាបានសុវត្ថិភាពខ្ពស់ប្រកបដោយចីរភាព ដើម្បីផ្សព្វផ្សាយពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល ក្នុងការរួមចំណែកយ៉ាងធំធេងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ- អន្តរជាតិ មកសម្រាកលំហែកម្សាន្តឱ្យបានច្រើនកុះករក្នុងខេត្តព្រះសីហនុ។

លោកបានបញ្ជាក់បែបនេះថា ៖ «យើងក៏សង្ឃឹមផងដែរថា ព្រឹត្តិការណ៍នេះ គឺជាសារមួយជូនដល់ប្រជាពលរដ្ឋឱ្យចេះស្វែងយល់ពីអត្តប្រយោជន៍ នៃធនាគារក្នុងសង្គមរស់នៅ និងក្នុងវិស័យសេដ្ឋកិច្ច និងសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគាំទ្រប្រាក់រៀល ឱ្យបានគ្រប់ៗគ្នា»។

លោក ម៉ាង ស៊ីណេត បន្តថា ក្នុងចក្ខុវិស័យនៃផែនការរៀបចំដែនដីខេត្តព្រះសីហនុឆ្នាំ២០៣០ រាជរដ្ឋាភិបាលនឹងរៀបចំអភិវឌ្ឍន៍ ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ។

លោកបន្តថា ជាមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើបមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។

បើតាមសមាគមធនាគារនៅកម្ពុជា ការផ្តល់សេវាហិរញ្ញវត្ថុនៅខេត្តព្រះសីហនុ រួមមាន៖ សាខាធនាគារពាណិជ្ជមានចំនួន ២៦សាខា, សាខាធនាគារឯកទេសមានចំនួន ២សាខា, គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមានចំនួន ១០គ្រឹះស្ថាន (៥ទទួលប្រាក់បញ្ញើ), ក្រុមហ៊ុនភតិសន្យាមានចំនួន ៣ក្រុមហ៊ុន (ផ្តល់ប្រាក់កម្ចីសម្រាប់ទិញគ្រឿងចក្រ)៕ ដោយ៖ វណ្ណ សុជាតា

ads banner