សហរដ្ឋអាមេរិកថា ខ្លួនមិនគាំទ្រ “បទឈប់បាញ់” រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងពេលបច្ចុប្បន្នឡើយ
វ៉ាស៊ីនតោន៖ សេតវិមាននៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសពីជំហរមិនគាំទ្រការស្វែងរក “បទឈប់បាញ់” រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនោះឡើយ ប៉ុន្ដែការផ្អាកជាបណ្ដោះអាសន្ននូវការប្រយុទ្ធគ្នា ដើម្បីបញ្ជូនជំនួយទៅកាន់ប្រជាជនរងគ្រោះក្នុងតំបន់ហ្គាហ្សា គួរតែត្រូវបានយកមកពិចារណា។

អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្ដិសុខជាតិ លោក ចន ខើប៊ី បានបញ្ជាក់ថា ការស្វែងរកនូវបទឈប់បាញ់ ក្នុងកាលៈទេសៈសព្វថ្ងៃនេះ គឺមិនមែនជាមធ្យោបាយសមស្របនោះទេ។ ដូច្នេះ សហរដ្ឋអាមេរិកមិនគាំទ្រឱ្យមានបទឈប់បាញ់នេះឡើយ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកមានជំនឿថា ចំនួនរថយន្ដដឹកជំនួយសង្គ្រោះទៅកាន់តំបន់ហ្កាហ្សាអាចនឹងកើនឡើងដល់ ១០០គ្រឿងក្នុងមួយថ្ងៃ។

ការថ្លែងរបស់លោក ខើប៊ី កើតឡើងស្របពេលដែលអ៊ីស្រាអែលបានពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយធ្វើការវាយលុកផ្លូវគោកទៅលើតំបន់ហ្គាហ្សា និងទម្លាក់គ្រាប់បែកជាច្រើន ដែលបណ្ដាលឱ្យអគារជាច្រើនបាក់បែក និងសម្លាប់មនុស្សអស់ជាង ៨,០០០នាក់។ ប្រជាជនដែលរងគ្រោះ ក៏ប្រឈមមុខយ៉ាងធ្ងន់ធ្ងរដោយសារខ្វះខាតស្បៀង ថ្នាំសង្កូវ ខណៈខាងមន្ទីរពេទ្យក៏ត្រូវផ្អាកដំណើរការដោយសារខ្វះប្រេងឥន្ធនៈប្រើប្រាស់ជាចាំបាច់។

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ នាយករដ្ឋមន្ដ្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ក៏បានច្រានចោលនូវសំណើឱ្យមានបទឈប់បាញ់នៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់នេះ ព្រោះទង្វើបែបនេះហាក់ដូចជាអ៊ីស្រាអែលសុំចុះចាញ់នឹងក្រុមហាម៉ាស់ដូច្នោះដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍