ក្រសួងព័ត៌មានគ្រោង នឹងស្នើសុំគោលការណ៍ សម្តេចធិបតីនាយករដ្ឋមន្រ្តី ដើម្បីធ្វើបច្ចុប្បន្នភាព នៃស្ថាប័នសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានលើកឡើងថា ក្រសួងព័ត៌មាន គ្រោងនឹងស្នើសំគោលការណ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីធ្វើបច្ចុប្បន្នភាព នៃវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះក្រសួង នឹងទុករយៈពេល ៣ខែសំរាប់ សារព័ត៌មានដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា គឺត្រូវតែមកសំច្បាប់ចំពោះអ្នកដែលមិនមានច្បាប់ ។
ឯកឧត្តម រដ្ឋមន្រ្តី បន្តថា ដោយសារតែក្រសួងព័ត៌មានគឺជាផ្នែកមួយ និងជាសេនាធិការរបស់រាជរដ្ឋាភិបាល ហើយគ្រប់គ្រងការងារពាក់ព័ន្ធជាមួយនិងការគ្រប់គ្រងព័ត៌មាន ភាពចាំបាច់នេះគឺនៅក្នុងបដិវត្តន៍កម្មឌីជីថល ដែលការវិវត្តន៍នៃប្រពន្ធ័ផ្សព្វផ្សាយរបស់យើងគឺបាននិងកំពុងផ្តោតជាសំខាន់នៅក្នុងការប្រើប្រាស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយទំនើប ។

ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា បច្ចុប្បន្ននេះ និន្នាការរបស់ប្រជាពលរដ្ឋ គឺបានផ្លាស់ប្តូរពីប្រពន្ធផ្សព្វផ្សាយបុរាណ ដែលសំដៅទៅលើវិទ្យុ ទូរទស្សន៍ កាសែ ទស្សនាវដ្ដី សារព័ត៌មានបោះពុម្ព មកជាសារព័ត៌មានថ្មី ដែលប្រើប្រាស់នូវប្រព័ន្ធអ៊ីនធឺណេតឌីជីថល អនឡាញវិញ ហើយនេះ គឺជាបញ្ហាមួយដែលប្រឈម ចាំបាច់យើងត្រូវមានវិធានការណ៍ ក្នុងការទប់ស្កាត់ ទៅលើការក្លែងក្លាយនៃព័ត៌មាន ការក្លែងក្លាយទៅលើអាជ្ញាប័ណ្ណ ក៏ដូចជាប័ណ្ណប្រើប្រាស់ ឬឯកសារ គតិយុទ្ធផ្សេងៗ ដែលពាក់ព័ន្ធជាមួយវិស័យនេះ ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានបន្ថែមថា បើពិនិត្យមើលទៅលើក្របខ័ណ្ឌ នៃប្រទេសកម្ពុជា បច្ចុប្បន្នេះគឺសារព័ត៌មានដែលទទួលបាននូវអាជ្ញាប័ណ្ណគឺសំដៅទៅលើសារព័ត៌មានបោះពុម្ព គឺមានប្រមាណ ៥០០ អាជ្ញាបណ្ណ ទី២ គឺអនឡាញ ដែលមានការកើនឡើងខ្ពស់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលក្រសួងព័ត៌មានបានចេញអាជ្ញាប័ណ្ណ មានជាង ៩០០អាជ្ញាប័ណ្ណ ចំណែកឯស្ថានីយ៍វិទ្យុមានប្រមាណ ២២១ស្ថានីយ៍FM ទូរទស្សន៍ ២១ កាណាល់ ដែលនៅក្នុងនោះមិនរាប់ទាំងទូរទស្សន៍ខ្សែកាប បើរាប់គឺមានប្រមាណ ៩០ ក្រុមហ៊ុនខ្សែកាប ។
ឯកឧត្តម រដ្ឋមនរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា អ្វីដែលជាការព្រួយបារម្មណ៍ ចំពោះមុខ ហើយក៏មានការកើនឡើងនូវបញ្ហាខ្លះៗ នៅក្នុងវិស័យព័ត៌មាន គឺពាក់ព័ន្ធជាមួយវិស័យព័ត៌មានអនឡាញ ដែលទិន្ន័យបានបញ្ជាក់មានចំនួន ៩០០ គឺជាអាជ្ញាបណ្ណដែលបានចុះនៅក្នុងក្រសួងព័ត៌មាន ក៏ប៉ុន្តែបើសិនជាពិនិត្យមើលលើ ចំនួនជាក់ស្តែងដែលកំពុងប្រតិបត្តិការ គឺអាចគុណនិងពីរនៃចំនួននេះ ដែលកំពុងតែប្រតិបត្តិការការងារដោយមិនមានអាជ្ញាបណ្ណនោះទេ។

ការលើកឡើងនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ផ្តោតលើគោលបំណង ៣ សំខាន់គឺ កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងព័ត៌មាន។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានគូសបញ្ជាក់បន្ថែមថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានៅថ្ងសនេះ នឹងចូលរួមជួយនៅក្នុងការគ្រប់គ្រង ទៅលើអាជ្ញាបណ្ណក្លែងក្លាយ ហើយទៅលើបណ្ណសំគាល់អ្នកសារព័ត៌មានក្លែងក្លាយ ដែលកន្លងទៅនេះ អាជ្ញាធរមួយចំនួន បានប្រើប្រាស់ នូវវិធានការណ៍ដោយប្រើប្រាស់ QR Code ដើម្បីបញ្ជាក់អំពីភាពពិតនៃកាត។ នៅក្នុងរយៈពេល២សប្តាហ៍កន្លេងទៅនៅក្នុងខេត្តមណ្ឌលគីរី មានការចាប់ខ្លួន ហើយនៅក្នុងនោះគឺមួយរូបគឺជាអ្នកក្លែងឯកសារសារធាណៈតែម្តង ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា