នាយក្រឹមស្នើរកការអធ្យាស្រ័យ ជុំវិញសម្តីលើសលស់ (Video Inside)

ជម្លោះរិះគន់មួយដែលកើតឡើងដោយសារតែតារាកំប្លែងនាយក្រឹម ដែលគេចោទថា បាននិយាយប៉ះពាល់ដល់មនុស្សភេទទី៣ម្នាក់ បាននាំឱ្យមានការខឹងសម្បារពីអង្គការសហគមន៍ ឥន្ទធនូកម្ពុជា។

ក្នុងកម្មវិធី Cambodia’s Got Talent នារាត្រីថ្ងៃសៅរ៍ទី២៨តុលា, តារាកំប្លែងឈ្មោះ អ៊ូ បុណ្ណារ៉ាត់ ដែលស្គាល់ទូទៅថាជានាយក្រឹម ត្រូវបានអង្គការសហគមន៍ឥន្ទធនូកម្ពុជា ចោទថាការបញ្ចេញមតិរបស់លោក បានបង្កនូវភាពរើសអើងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បេក្ខជនមួយរួប ដែលគេចាត់ទុកថាជាមនុស្សស្រឡាញ់ភេទដូចគ្នា។

អង្គការសហគមន៍ឥន្ទធនូកម្ពុជា បានធ្វើលិខិតមកប្រធានសមាគមសិល្បៈករខ្មែរ និងបានបន្តប្តឹងមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីរកការបញ្ចៀសនូវភាពរើសអើង និងការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គលដែលស្រឡាញ់ភេទដូចគ្នា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៣១តុលានេះ បានចេញវីដេអូមួយដែលប្រមូលការជួបជុំនាយក្រឹម, ប្រធានសមាគមសិល្បៈករខ្មែរលោកស្រី ចន ចន្ទលក្ខិណា និងភាគីពីខាងសហគមន៍ឥន្ទធនូកម្ពុជា ដើម្បីរកការផ្សះផ្សាគ្នា បញ្ចៀសការភាន់ច្រឡំទាំងនេះ។

នាយក្រឹម បានថ្លែងក្នុងពេលនោះថា សម្តីរបស់លោកដែលមានចរឹតជាភាពកំប្លែង និងលើសលស់ខ្លះ មិនបានគិតថាបាននាំមកនូវភាពរើសអើងនោះទេ។ លោកបានស្នើសុំមិនឱ្យប្រកែប្រកាន់ឡើយ និងសុំរកការអធ្យាស្រ័យ។

នាយក្រឹមបានថ្លែងបញ្ជាក់បន្ទាប់មានការសម្របសម្រួលគ្នាចុងក្រោយមកនេះនាថ្ងៃទី៣១ តុលា ឆ្នាំ២០២៣។

ads banner