រាជរដ្ឋាភិបាលកម្ពុជាតាំងចិត្តបង្កើនចំនួនកម្លាំងនារីបំពេញបេសកកម្មមួកខៀវ (Video Inside)
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ការតាំងចិត្តនឹងបញ្ជូនកម្លាំងនារី ក្នុងការចេញបំពេញបេសកកម្មកងកម្លាំងមួកខៀវអង្គការសហប្រជាជាតិ ឱ្យបានលើស ២០ភាគរយ ខណៈបច្ចុប្បន្នកម្ពុជាទទួលបានលេខរៀងទី១០ លើ១២៣ប្រទេស ផ្នែកបរិច្ចាគកងកម្លាំង និងលេខរៀងទី១ ក្នុងអាស៊ាន។
ការបញ្ជាក់ប្តេជ្ញាចិត្តនេះបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជាមួយនឹងឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកជំទាវ ជេន ហ្រ្វង់សេស ខូណ័រ Jane Frances Connors។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថាកម្ពុជា បានបញ្ជូនកម្លាំងនារី នៅតំបន់បេសកកម្មរហូតដល់ ៤៧ភាគរយនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង , ៤៨ភាគរយ នៅសាធារណរដ្ឋម៉ាលី និងក៏មានមេបញ្ជាការជានារី នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលផងដែរ។ លោកបានបញ្ជាក់ការតាំងចិត្ត នឹងបញ្ជូនកម្លាំងនារីឱ្យបានលើស ២០ភាគរយថែមទៀត។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដើម្បីពង្រីកចំណេះដឹងកម្លាំងឱ្យកាន់តែទូលំទូលាយ បានស្នើសុំដល់អង្គការសហប្រជាជាតិ ផ្តល់វគ្គហ្វឹកហ្វឺន អប់រំ និងផ្សព្វផ្សាយបន្ថែម ស្តីអំពីច្បាប់ការពារជនស៊ីវិល ស្រ្តី និងកុមារ ដល់កងកម្លាំងមុនចល័តទៅតំបន់បេសកកម្ម។
លោកជំទាវជេន ខូណ័រ Jane Connors បានសម្តែងក្តីរីករាយ ចំពោះសំណើរកការពង្រីកចំណេះដឹងនេះ ដ្បិតកាតព្វកិច្ចលោកជំទាវ គឺផ្តោតទៅលើការបណ្តុះបណ្តាលកងកម្លាំងឱ្យដឹងអំពីក្រមសីលធម៌ ស្តង់ដា ជាពិសេសផលប៉ះពាល់ដែលកើតមានលើស្រ្តី និងកុមារ។ លោកជំទាវបានថ្លែងថា នឹងនាំយកសំណើនេះរាយការណ៍ជូនថ្នាក់ដឹកនាំ និងជូនដំណឹង មកកម្ពុជាវិញពេលក្រោយ។