ប្រមុខរាជរដ្ឋាភិបាល ៖ កម្ពុជា មិនខ្ចីគេ រហូតវ័ណ្ឌកឡើយ ហើយខ្ចីមកបម្រើសេដ្ឋកិច្ច មិនមែនខ្ចីទិញរថយន្ត និងយន្តហោះទេ

(កណ្ដាល)៖ ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជា មិនខ្ចីគេរហូត ដល់វ័ណ្ឌកនោះឡើយ ហើយខ្ចីមកបម្រើដល់សេដ្ឋកិច្ច មិនមែនខ្ចីមកទិញរថយន្ត និងទិញយន្តហោះជិះនោះទេ។

សម្តេចធិបតី បានថ្លែងថា កាលមុនគេថា ឲ្យតែសម្តេចតេជោ ហ៊ុន សែន ចេញ ទៅក្រៅប្រទេស គឺស្នើសុំកម្ចីជាថវិកា មកវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ហើយគេជេរមិនចេះចប់ និងរិះគន់មិនចេះចប់ តែអ្នកជេរហ្នឹង ពេលស្ពានធ្វើហើយ ក៏គេប្រើដែរ។ ពេលសម្តេចតេជោ ខ្ចីលុយជប៉ុនយកមកធ្វើស្ពានគីសូណា អ្នកដែលជេរសម្តេចរឿងខ្ចីលុយ ស្ពានធ្វើហើយក៏ឆ្លងដែរ។

សម្តេចថា អ្នកដែលជេរសម្តេចតេជោ ហ៊ុន សែន ទៅទាក់ទងតែវិនិយោគិនចិន ហើយឥលូវជេរដល់សម្តេចធិបតីទៀត ដែលថា ទាក់ទងតែវិនិយោគិនចិន នាំឲ្យបាត់អធិបតេយ្យភាពអស់ហើយ តែដល់ពេលចិន មកបើករោងចក្រ អ្នកខ្លះឲ្យកូនចៅទៅធ្វើការឲ្យចិន និងបានប្រាក់ ខែដែរ។

សម្ដេចធិបតីបញ្ជាក់ថា ដើម្បីប្រយោជន៍រួម យើងមិនមែនបាត់អធិបតេយ្យភាព ទៅប្រទេសណាទេ ហើយយើងក៏គ្មានទៅខ្ចីបំណុល រហូតដល់ជំពាក់គេវ័ណ្ឌកដែរ។ លើពិភពលោក តិចបំផុតដែលថា ប្រទេសអត់មានបំណុល។ ប្រទេសខ្លះអត់មានបំណុល ក៏ចេញបំណុលខ្ចី ប្រជាពលរដ្ឋខ្លួនឯងដែរ។ ជប៉ុន អាមេរិក និងបារាំង (ខ្ចីគេ) ដូចតែគ្នាទេ ដើម្បីការវិនិយោគ ប៉ុន្តែវិនិយោគដើម្បីទទួលខុសត្រូវ មិនមែនយកលុយមក ដើម្បីទិញឡាន ទិញយន្តហោះ ដើម្បីទិញអ្វីអត់បម្រើការនោះទេ គឺយើងយកលុយមកដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗ បម្រើឲ្យសេដ្ឋកិច្ច បម្រើឲ្យជាតិរបស់យើង។

សូមជម្រាបថា កម្ពុជា មានបំណុលសាធារណៈសរុប ១០,២៧ពាន់លានដុល្លារ ដែលទំហំបំណុលនេះ គឺគិត មក ទល់ត្រីមាសទី១ ឆ្នាំ២០២៣ ដែលក្នុងនោះកម្ពុជាជំពាក់បំណុលបរទេសមានដល់ ១០,២៣ពាន់ លានដុល្លារ ខណៈបំណុលក្នុងប្រទេសមានត្រឹម ៤២,៤៥លានដុល្លារ។

ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានាបច្ចុប្បន្ន ត្រូវបានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មធិការគ្រប់គ្រងបំណុលសាធារណៈ វាយ តម្លៃថា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិ ភ័យទាប» ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ ពីការរាលដាលនៃវិបត្តិកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner