សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសចេញនូវគោលនយោបាយមួយនៅថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីជួយគាំទ្រវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា

(កណ្ដាល)៖ ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងប្រកាសចេញនូវគោលនយោបាយមួយ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដើម្បីជួយគាំទ្រវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ឆ្លើយតបនឹងសំណើរបស់សមាគមអលនទ្រព្យ ដែលបានស្នើមករាជរដ្ឋាភិបាល ។

សម្តេចធិបតី បានថ្លែងថា សម្ដេចបានជជែកជាមួយឯកឧត្តម សាយ សំអាល់ អំពីសំណើរបស់សមាគមអលនទ្រព្យរឿងមួយនោះ ថ្ងៃទី១៣ ខែវិច្ឆិកាខ្ញុំនឹងប្រកាស។ តាមពិតមានគោលនយោបាយមួយ ដែលយើងចំហរ តែអត់សូវមានអ្នកប្រើ ប្រហែលជាអត់ទាន់សូវដឹង អីចឹងយើងនឹងផ្សព្វផ្សាយឱ្យប្រើ ដើម្បីផលប្រយោជន៍ទាំងអស់ ។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ កិច្ចប្រជុំពិភាក្សាអំពីស្ថានភាព វិស័យសំណង់នៅកម្ពុជា ត្រូវបានរៀបចំឡើង នៅក្រសួងរៀបចំដែនដី ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ប្រធានបទសំខាន់ៗចំនួន៣ ត្រូវបានថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លើកយកមកពិភាក្សាក្នុងកិច្ចប្រជុំបន្ទាន់មួយ ។

ក្រៅតែពីពិភាក្សាលើស្ថានភាពវិស័យសំណង់រួមនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមបច្ចុប្បន្ន និងពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យសំណង់នៅកម្ពុជា ហើយនោះក៏មានការពិភាក្សា លើទិដ្ឋភាពច្បាប់ ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរីផងដែរ ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានលើកឡើងដែរថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀត ដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យសំណង់ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner