ជប៉ុនអនុម័តកញ្ចប់ថវិកាចំនួន ១០០ពាន់លានដុល្លារ សម្រាប់ស្ដារសេដ្ឋកិច្ចជាតិ
តូក្យូ៖ នាយករដ្ឋមន្ដ្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នៅថ្ងៃព្រហស្បតិ៍ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុម័តនូវកញ្ចប់ថវិកាជំនួយចំនួន ១០០ពាន់លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការស្ដារសេដ្ឋកិច្ចជប៉ុនឡើងវិញ ខណៈដែលប្រជាប្រិយភាពរបស់លោកកំពុងធ្លាក់ចុះខ្លាំង។
សេដ្ឋកិច្ចជប៉ុនកំពុងជួបប្រទះនឹងការកើនឡើងនូវតម្លៃទំនិញ និងថាមពលនានា ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង ដែលកត្តានេះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើរដ្ឋាភិបាលជប៉ុន។ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានលើកឡើងថា ក្នុងកាលៈទេសៈដែលប្រជាជនជប៉ុនទទួលបានកម្រិតប្រាក់ឈ្នួលទាបជាងថ្លៃទំនិញដូចបច្ចុប្បន្ននេះ រដ្ឋាភិបាលចាំបាច់ត្រូវមានវិធានការទប់ស្កាត់ ដើម្បីជៀសវាងកុំឱ្យសេដ្ឋកិច្ចជាតិរងផលប៉ះពាល់ខ្លាំង។

ក្នុងគម្រោងថវិកាជំនួយរបស់រដ្ឋាភិបាលជប៉ុននេះ ក៏មានរួមបញ្ចូលនូវការកាត់បន្ថយពន្ធលើប្រាក់បៀវត្សរ៍ និងលំនៅឋាន ព្រមទាំងការផ្ដល់ប្រាក់ឧបត្ថម្ភទៅកាន់គ្រួសារដែលមានចំណូលទាបផងដែរ។ រដ្ឋាភិបាលក៏នឹងផ្ដល់មូលនិធិទៅកាន់វិស័យឯកជន ដើម្បីជំរុញការវិនិយោគទៅលើបច្ចេកវិទ្យាទំនើបដូចជា បន្ទះឈីប និងវិស័យអវកាសផងដែរ។
គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានបញ្ចេញកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចរាប់ពាន់លានដុល្លារមកហើយ ចាប់តាំងពីមានការផ្ទុះឡើងនូវវិបត្តិកូវីដ៕ ប្រភព៖ AFP ប្រែសម្រួលដោយ សាន ស្រីលក្ខណ៍