កូរ៉េខាងជើង បិទស្ថានទូតជាច្រើនជុំវិញពិភពលោក អាចមកពីឥទ្ធិពល

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានត្រៀមបិទស្ថានទូតជាច្រើនរួមទាំងនៅក្នុងប្រទេសអេស្ប៉ាញ ហុងកុង និងប្រទេសជាច្រើននៅទ្វីបអាហ្រ្វិក ដែលស្មើរជិត ២៥ ភាគរយនៃស្ថានទូតដែលខ្លួនមានសរុបនៅទូទាំងពិភពលោក។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ការបិទបេសកកម្មការទូតរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ គឺជាសញ្ញាមួយបង្ហាញថា ប្រទេសឯកោនេះ កំពុងពិបាករកប្រាក់នៅក្រៅប្រទេសដោយសារតែទណ្ឌកម្មអន្តរជាតិ។

កាលពីថ្ងៃចន្ទទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងបានធ្វើដំណើរទស្សនកិច្ច «លា» ទៅកាន់មេដឹកនាំនៃប្រទេសអង់ហ្គោឡា និងអ៊ូហ្គង់ដាកាលពីសប្តាហ៍មុន ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសអាហ្រ្វិកទាំងពីរ បានរាយការណ៍ពីការបិទស្ថានទូតកូរ៉េខាងជើងនៅទីនោះ។

គួរបញ្ជាក់ថា ទាំងប្រទេសអង់ហ្គោឡា និងអ៊ូហ្គង់ដា បានពង្រឹងទំនាក់ទំនងមិត្តភាពជាមួយកូរ៉េខាងជើងតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ដោយរក្សាបាននូវកិច្ចសហប្រតិបត្តិការយោធា និងផ្តល់ប្រភពរូបិយប័ណ្ណបរទេសដ៏សំខាន់ជាដើម។

លោក Chad O’Carroll ស្ថាបនិកគេហទំព័រ NK Pro ដែលផ្តោតលើប្រទេសកូរ៉េខាងជើង បាននិយាយក្នុងរបាយការណ៍មួយចេញផ្សាយនៅថ្ងៃពុធថា ការបិទស្ថានទូតនាពេលនេះកំណត់ដំណាក់កាលនៃការរង្គោះរង្គើគោលនយោបាយការបរទេសដ៏ធំបំផុតរបស់កូរ៉េខាងជើង ដោយវាធ្វើឱ្យប៉ះពាល់ចំពោះការចូលរួមផ្នែកការទូត ការងារមនុស្សធម៌ក្នុងប្រទេសនេះ ក៏ដូចជាសមត្ថភាពលើការបង្កើតប្រាក់ចំណូលខុសច្បាប់ជាដើម។

លោក O’Carroll បន្តគូសបញ្ជាក់ថា បេសកកម្មការទូតជាង១០អាចនឹងត្រូវបិទ ដែលទំនងជាដោយសារតែទណ្ឌកម្មអន្តរជាតិ និន្នាការនៃការផ្តាច់ទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាងនៅទូទាំងពិភពលោក និងការចុះខ្សោយដែលអាចកើតមាននៃសេដ្ឋកិច្ចកូរ៉េខាងជើងជាដើម៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner