ចិនយល់ព្រមចូលតុចរចាស្ដីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក
ប៉េកាំង៖ ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងបើកកិច្ចចរចាស្ដីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាលើកដំបូង រាប់ចាប់តាំងពីរដ្ឋបាលលោក អូបាម៉ា នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការរាយការណ៍របស់កាសែត Wall Street Journal នៅថ្ងៃពុធទី១ ខែវិច្ឆិកា។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសទាំងពីរគ្រោងនឹងមានការពិភាក្សាស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ នាពេលខាងមុខនេះ។ បន្ថែមពីលើនេះ ពួកគេនឹងជួបពិភាក្សាដាច់ដោយឡែកមួយទៀត ដែលនឹងជជែកលើបញ្ហាដែនសមុទ្រ និងបញ្ហាផ្សេងទៀត។
លោកស្រី ម៉ាឡូរី ស្ទូវឺដ (Mallory Stewart) មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងលោក ស៊ុន ស៊ាវប៉ូ (Sun Xiaobo) ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធរបស់ក្រសួងការបរទេសចិន នឹងដឹកនាំកិច្ចពិភាក្សាស្តីពីអាវុធនៅថ្ងៃចន្ទ នេះបើយោងតាមរបាយការណ៍របស់កាសែត Wall Street Journal ដដែល។
ស្របពេលនេះដែរក្រសួងការបរទេសអាមេរិក និងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនទាន់ឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters ទាក់ទងនឹងពេលវេលាជាក់លាក់ និងរបៀបដែលកិច្ចពិភាក្សានឹងប្រព្រឹត្តទៅនៅឡើយទេ។
គួររំឭកថា កាលពីឆ្នាំ២០២១ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចេក ស៊ូលីវ៉ាន (Jake Sullivan) បានលើកឡើងថា ប្រធានាធិបតីចិន និងអាមេរិកបានព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមការពិភាក្សាស្តីពីស្ថិរភាពជាយុទ្ធសាស្ត្រ។ ការលើកឡើងនេះគឺសំដៅទៅលើក្តីបារម្ភរបស់អាមេរិក ចំពោះការបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ចិន។
សេតវិមានអាមេរិកបានបញ្ជាក់ថា កិច្ចពិភាក្សានេះនឹងមិនដូចទៅនឹងការចរចាកាត់បន្ថយអាវុធជាផ្លូវការដែលអាមេរិកធ្លាប់បានធ្វើជាមួយរុស្ស៊ីនោះទេ។ គួរដឹងដែរថា ក្រុមមន្ត្រីអាមេរិកក៏ធ្លាប់មានការខកចិត្តចំពោះចិនដែលមិនមានចំណាប់អារម្មណ៍ក្នុងការពិភាក្សាអំពីវិធានការកាត់បន្ថយហានិភ័យដែលទាក់ទងនឹងអាវុធនុយក្លេអ៊ែរ។
កាលពីខែតុលា មន្ទីរបញ្ចកោណអាមេរិកបានប្រកាសថា ចិនបច្ចុប្បន្នមានក្បាលគ្រាប់នុយក្លេអ៊ែរជាង ៥០០គ្រាប់ ហើយចំនួននេះអាចនឹងកើនឡើងដល់ ១០០០គ្រាប់នៅត្រឹមឆ្នាំ២០៣០។ ចិនបានឆ្លើយតបថា សហរដ្ឋអាមេរិកមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងចិនទៅទៀត។
កិច្ចពិភាក្សាស្តីពីសព្វាវុធនេះអាចនឹងធ្វើឡើងមុនពេលជំនួបរវាងប្រធានាធិបតីអាមេរិក លោក បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីន ពីង នៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) ក្នុងខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ក្រោមរដ្ឋបាលលោក បៃដិន បានលើកឡើងកាលពីថ្ងៃអង្គារថា ព័ត៌មានលម្អិតសំខាន់ៗនៅមិនទាន់អាចចេញផ្សាយនៅឡើយទេ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានកិច្ចប្រជុំការទូតជាច្រើនរវាងចិន និងអាមេរិក ដែលភាគច្រើនត្រូវបានផ្តួចផ្តើមដោយសហរដ្ឋអាមេរិក។ នេះជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីកែលម្អទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ជាពិសេស បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងចារកម្មចិនកាលពីខែកុម្ភៈនៅលើទឹកដីរបស់អាមេរិក។
លោក ដាល គីមបល (Daryl Kimball) ប្រធានសមាគមគ្រប់គ្រងអាវុធ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា «កិច្ចពិភាក្សាស្ដីពីអាវុធដែលធ្លាប់បានពន្យារពេលនេះ ប្រហែលជាសង្កត់ធ្ងន់លើការបង្កើនការបើកចំហអំពីយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ប្រទេសនីមួយៗ និងការកែលម្អបណ្តាញទំនាក់ទំនងក្នុងអំឡុងពេលមានវិបត្តិពិភពលោក»។
លោក គីមបល បានបន្ថែមថា «យើងមិនគួររំពឹងថានឹងមានភាពប្រសើរឡើងក្នុងរយៈពេលខ្លីនេះនោះទេ។ ការសម្រេចបាននូវវឌ្ឍនភាពនឹងត្រូវការពេលវេលា និងការសម្រុះសម្រួលគ្នារវាងភាគីទាំងពីរ»៕
ប្រែសម្រួល៖ ធា សុណា