ក្រុមហ៊ុនផលិតបន្ទះឈីបចិន ស្វែងរកមូលនិធិបន្ថែម បន្ទាប់ពីចំណាយ ៧ ប៊ីលានដុល្លារដោយសារការរឹតបន្តឹងរបស់អាមេរិក
ប៉េកាំង៖ ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់ប្រទេសចិនគឺក្រុមហ៊ុន Yangtze Memory Technologies Corp ឬហៅកាត់ថាក្រុមហ៊ុន YMTC ត្រូវស្វែងរកមូលនិធិថ្មីៗរាប់ពាន់លានដុល្លារបន្ថែមទៀត ដោយសារតែពួកគេបានចំណាយអស់ ៧ប៊ីលានដុល្លារកាលពីឆ្នាំមុនដើម្បីកែតម្រូវទៅតាមវិធានការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក។
កាលពីខែធ្នូឆ្នាំមុន ក្រុមហ៊ុន YMTC ត្រូវបានអាមេរិកដាក់ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ហើយមិនត្រូវបានអនុញ្ញាតឱ្យទិញឧបករណ៍អាមេរិកសម្រាប់ផលិតបន្ទះសៀគ្វីនោះទេ។យ៉ាងណាក៏ដោយ ក្រុមហ៊ុនបានទទួលការវិនិយោគបន្ថែមពីអ្នកវិនិយោគជាច្រើន លើសពីការគ្រោងទុកទៀតផង ។នេះបើយោងតាមការលើកឡើងរបស់មនុស្សបួននាក់ដែលជិតស្និទ្ធជាមួយក្រុមហ៊ុន។
ចំនួនទឹកប្រាក់ពិតប្រាកដដែលបានលើកឡើង មិនត្រូវបានបញ្ជាក់ច្បាស់នោះទេ ប៉ុន្តែប្រមាណជាខ្ទង់រាប់ពាន់លានដុល្លារឯណោះ។ ក្នុងនាមជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំប្រភេទ NAND flash memory ដែលមានមូលដ្ឋាននៅទីក្រុងវូហាន (Wuhan) បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសចិន ពោលគឺបានជំរុញឱ្យចិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតឧបករណ៍អេឡិចត្រូនិកដោយខ្លួនឯង។ ប៉ុន្តែចាប់តាំងពីខែតុលាឆ្នាំមុនមក ក្រុមហ៊ុននេះបានប្រឈមមុខនឹងវិធានការថ្មីរបស់សហរដ្ឋអាមេរិកជាបន្តបន្ទាប់ ធ្វើឱ្យក្រុមហ៊ុនកាន់តែលំបាកក្នុងការទទួលបាន និងប្រើប្រាស់បច្ចេកវិទ្យា និងបន្ទះឈីបទំនើបកម្រិតខ្ពស់បាន។
កាលពីឆ្នាំមុន ក្រុមហ៊ុន YMTC ទទួលបានមូលនិធិចំនួន ៧ ប៊ីលានដុល្លារអាមេរិក ពីម្ចាស់ភាគហ៊ុន រួមទាំងមូលនិធិវិនិយោគឧស្សាហកម្មសៀគ្វីរបស់ប្រទេសចិន ដែលត្រូវបានគេស្គាល់ផងដែរថាជា ប្រភពមូលនិធិដ៏ធំមួយដើម្បីគាំទ្រដល់ឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិនទាំងមូល។
យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ក្រុមហ៊ុន YMTC បានចំណាយច្រើនលើការស្វែងរកឧបករណ៍ថ្មី និងបង្កើតសមាសធាតុថ្មី ក៏ដូចជាឧបករណ៍សម្រាប់ផលិតបន្ទះឈីបសំខាន់ៗ។ ក្រុមហ៊ុននេះបានប្រើប្រាស់ទឹកប្រាក់យ៉ាងច្រើនរបស់ពួកគេទៅលើការសិក្សាស្រាវជ្រាវ ដែលជាហេតុតម្រូវឱ្យក្រុមហ៊ុនត្រូវស្វែងរកមូលនិធិបន្ថែមទៀតក្នុងរយៈពេលតិចជាងមួយឆ្នាំមកនេះ។
យោងតាមមនុស្សជំនិតនឹងក្រុមហ៊ុនពីរនាក់ បានរំលេចថា អ្នកវិនិយោគក្នុងស្រុកច្រើនជាងការរំពឹងទុកបានចូលរួមដាក់ទុនវិនិយោគទៅលើក្រុមហ៊ុននេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន YMTC បានប្រមូលមូលនិធិយ៉ាងច្រើនពីអ្នកវិនិយោគ មុនពេលដែលសហរដ្ឋអាមេរិកបានប្រកាសរឹតបន្តឹងការគ្រប់គ្រងការនាំចេញទៅលើប្រទេសចិន។ ការណ៍នេះត្រូវបានគេមើលឃើញថា វាគឺជាសញ្ញានៃការរួបរួមគ្នារបស់ក្រុមអ្នកវិនិយោគ ដែលមានឆន្ទៈគាំទ្រក្រុមហ៊ុន YMTC បើទោះបីជាដឹងថាក្រុមហ៊ុនកំពុងប្រឈមមុខនឹងការរឹតត្បិតរបស់សហរដ្ឋអាមេរិក។
កាលពីសប្តាហ៍មុន ប្រធានរបស់ក្រុមហ៊ុន YMTC លោក ឆិន ណានស៊ាង (Chen Nanxiang) ត្រូវបានបោះឆ្នោតជ្រើសតាំងជាមេដឹកនាំថ្មីនៃសមាគមឧស្សាហកម្មផលិតបន្ទះឈីបនៅប្រទេសចិនទៀតផង។ លោកបានជំរុញអ្នកពាក់ព័ន្ធឱ្យធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហារំខានខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកមួយនេះ។
មន្ត្រីរដ្ឋាភិបាលដែលស្និទ្ធនឹងក្រុមហ៊ុនបាននិយាយថា «ក្រុមហ៊ុន YMTC កំពុងធ្វើតាមលំនាំរបស់ក្រុមហ៊ុន Huawei ដោយបង្រួបបង្រួមឧស្សាហកម្មបន្ទះឈីបរបស់ចិន ដើម្បីដោះស្រាយជាមួយនឹងបញ្ហាប្រឈមដែលបង្កឡើងដោយការដាក់សម្ពាធពីសហរដ្ឋអាមេរិក»។
យោងតាមវិនិយោគិនពីរនាក់របស់ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងទិញឧបករណ៍បន្ថែមពីក្រុមហ៊ុនផ្គត់ផ្គង់ចិន និងពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុប ដោយសារតែក្រុមហ៊ុនមិនអាចពឹងផ្អែកទៅលើតែការផ្គត់ផ្គង់ពីចិនគ្រប់គ្រាន់នោះទេ។
ក្រុមហ៊ុន YMTC នឹងព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការប្រើប្រាស់ឧបករណ៍ដែលមានស្រាប់នៅប្រទេសចិន ហើយប្រសិនបើខ្វះនោះ ក្រុមហ៊ុននឹងព្យាយាមទិញពីប្រទេសផ្សេង ឬសិក្សាស្រាវជ្រាវផលិតដោយខ្លួនឯង។
ជាទូទៅ ក្រុមហ៊ុនផលិតបន្ទះឈីបធំៗនៅប្រទេសចិន តែងតែទិញឧបករណ៍ ឬ គ្រឿងបរិក្ខារចាំបាច់ភាគច្រើនពីក្រុមហ៊ុនចិនក្នុងស្រុកផ្ទាល់ ជំនួសឱ្យក្រុមហ៊ុនបរទេស។ យ៉ាងណាមិញ គ្រឿងបរិក្ខារ និងឧបករណ៍ទាំងអស់នោះ ភាគច្រើនមិនសូវទំនើបនោះទេ។ បញ្ហាប្រឈមពិតប្រាកដសម្រាប់ក្រុមហ៊ុនធំៗចិន គឺការផលិតឧបករណ៍ទំនើបបន្ថែមទៀត។ ដូច្នេះ ក្រុមហ៊ុន YMTC ក្រុមហ៊ុន Naura និងក្រុមហ៊ុន AMEC គឺជាក្រុមហ៊ុនចិនធំៗចំនួនបីដែលកំពុងធ្វើការសិក្សាស្រាវជ្រាវផលិតឧបករណ៍បច្ចេកវិទ្យាបន្ទះឈីបដែលទំនើបៗ៕
ប្រែសម្រួល៖ ធា សុណា