ម្ចាស់ក្រុមហ៊ុនទឹកស៊ីរ៉ូឥណ្ឌូណេស៊ី រងកាត់ទោសឱ្យជាប់គុក ពាក់ព័ន្ធនឹងការស្លាប់របស់ក្មេងៗ
ហ្សាការតា៖ មនុស្សបួននាក់មកពីក្រុមហ៊ុនផលិតទឹកស៊ីរ៉ូឥណ្ឌូណេស៊ី ដែលរួមមានម្ចាស់ក្រុមហ៊ុន និងមន្រ្តីបីនាក់ផ្សេងទៀត រងការកាត់ទោសពីតុលាការខេត្តជ្វាខាងកើត ឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ក្នុងសំណុំរឿងទឹកស៊ីរ៉ូក្អកមានជាតិពុលបណ្ដាលឱ្យក្មេងៗជាង ២០០ នាក់ស្លាប់។
បើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន BBC ក្រៅពីទោសជាប់គុក២ឆ្នាំ គ្រប់គ្នារងការពិន័យជាទឹកប្រាក់ប្រមាណមួយប៊ីលានរូពីឥណ្ឌូណេស៊ី (៦៣ ០២៩ ដុល្លារអាមេរិក) ក្នុងម្នាក់ៗ។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតទឹកស៊ីរ៉ូ Afi Farma របស់អ្នកទាំងបួន រងការចោទប្រកាន់ពីបទផលិតទឹកស៊ីរ៉ូក្អក ដែលមានផ្ទុកសារធាតុពុលច្រើនលើសលប់។ មេធាវីរបស់ក្រុមហ៊ុនបាននិយាយថា អ្នកទាំងបួន បានបដិសេធចំពោះការធ្វេសប្រហែស ហើយក្រុមហ៊ុនកំពុងពិចារណាថាតើត្រូវប្តឹងឧទ្ធរណ៍ឬយ៉ាងណា។
មុនសម្រេចទោសដាក់គុកពីរឆ្នាំ រដ្ឋអាជ្ញាសាធារណៈឥណ្ឌូណេស៊ី បានស្វែងរកការផ្តន្ទាទោសដាក់ពន្ធនាគារពី ៧-៩ ឆ្នាំ លើនាយកប្រតិបត្តិក្រុមហ៊ុន Afi Farma គឺលោក Prasetya Harahap និង៧ឆ្នាំសម្រាប់ចុងចោទផ្សេងទៀត។
រដ្ឋអាជ្ញាសាធារណៈបាននិយាយថា នៅចន្លោះខែតុលា ឆ្នាំ ២០២១ ដល់ខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមហ៊ុនបានទទួលសារធាតុ ប្រូភីលីន ហ្ក្លាយខុល (Propylene Glycol) ចំនួនកញ្ចប់ ដែលប្រើសម្រាប់ផលិតទឹកស៊ីរ៉ូក្អក។ រដ្ឋអាជ្ញាបានបន្តថា កញ្ចប់ទាំងនេះមានផ្ទុកសារធាតុ អេធីលីន ហ្ក្លាយខុល (Ethylene Glycol) ពី ៩៦-៩៩ ភាគរយ។ សារធាតុទាំងពីរ អាចត្រូវបានប្រើជាសារធាតុបន្ថែមទៅនឹងសារធាតុរំលាយ។ សារធាតុ ប្រូភីលីន ហ្ក្លាយខុល គ្មានជាតិពុលទេ ហើយគេយកទៅប្រើយ៉ាងច្រើនលើក្នុងឱសថ គ្រឿងសំអាង និងអាហារ។ ចំណែកឯសារធាតុ អេធីលីន ហ្ក្លាយខុល ឯនោះវិញ មានជាតិពុល និងប្រើក្នុងថ្នាំលាប ប៊ិច និងប្រេងហ្វ្រាំងជាដើម។
រដ្ឋអាជ្ញាឥណ្ឌូណេស៊ីបាននិយាយថា ក្រុមហ៊ុន Afi Farma មិនបានធ្វើតេស្តគ្រឿងផ្សំដែលប្រើក្នុងទឹកស៊ីរ៉ូទេ បែរជាពឹងផ្អែកលើវិញ្ញាបនបត្រគុណភាព និងសុវត្ថិភាពពីអ្នកផ្គត់ផ្គង់របស់ខ្លួនទៅវិញ។ មេធាវីរបស់ក្រុមហ៊ុន លោក Samsul Hidayat បានប្រាប់ BBC ថា និយតករគ្រឿងញៀនរបស់ប្រទេសឥណ្ឌូនេស៊ី មិនតម្រូវឱ្យអ្នកផលិតថ្នាំធ្វើតេស្ដយ៉ាងម៉ត់ចត់នូវគ្រឿងផ្សំនោះទេ។
ចៅក្រមនៅតុលាការស្រុក Kediri នៃខេត្តជ្វាខាងកើត បានរកឃើញថា ចុងចោទទាំង៤នាក់ មានពិរុទ្ធពីបទផលិតឱសថមិនស្របតាមស្តង់ដារសុវត្ថិភាពដោយចេតនា។
ករណីនេះ កើតឡើងខណៈពិភពលោកបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរឹតបន្តឹងការត្រួតពិនិត្យខ្សែសង្វាក់ផ្គត់ផ្គង់ថ្នាំ បន្ទាប់ពីការពុលផ្សេងៗ។
ចាប់តាំងពីឆ្នាំ ២០២២ មក ក្មេងៗនៅឥណ្ឌូនេស៊ីជាង ២០០ នាក់ ដែលភាគច្រើនមានអាយុក្រោម ៥ ឆ្នាំ បានស្លាប់ដោយសាររបួសក្រលៀនស្រួចស្រាល់ ទាក់ទងនឹងទឹកស៊ីរ៉ូផ្ទុកជាតិពុល។ ក្មេងៗប្រហែល ១០០ នាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថាស្លាប់ដោយសារតែបញ្ហាដូចគ្នាផងដែរ នៅប្រទេសហ្គាំប៊ីនៃទ្វីបអាហ្វ្រិក និងអ៊ូសបេគីស្ថាន នៃអាស៊ីកណ្ដាល។
ដោយសារតែបញ្ហានេះ កន្លងមកអង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានអំពីទឹកស៊ីរ៉ូក្អកចំនួន ៦ ដែលផលិតនៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី៕ ប្រែសម្រួល៖ ហួន ឌីណា