វិស័យអធិការកិច្ចកម្ពុជា និងអភិបាលកិច្ចបារាំង ដកស្រង់ បទពិសោធល្អៗ ក្នុងការពង្រឹង សមត្ថភាពស្ថាប័ន

ភ្នំពេញ៖ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និង ពិភាក្សាការងារជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញ សមត្ថភាពនៃសាធារណរដ្ឋ បារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយ លោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំនៅកម្ពុជា (Agence Française de Développement) កាលពីថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។

ក្នុងឱកាសនៃជំនួបទ្វេភាគីប្រកបដោយភាតរភាព និងផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណូមពរ មួយចំនួនតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត រួមមាន ៖

១) ការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលបំពេញ ការងារលើវិស័យអធិការកិច្ច និងអភិបាលកិច្ចនៅប្រទេសបារាំង ដើម្បីអាចធ្វើការផ្លាស់ប្ដូរ និងដកស្រង់បទពិសោធល្អៗ ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន។

២) ការផ្តល់ជំនួយបច្ចេកទេស ជាពិសេសអ្នកជំនាញបច្ចេកទេស ដើម្បីជួយក្នុងការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីអធិការកិច្ច និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ទៀតដែលក្រសួងកំពុងរៀបចំ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត និងលោកស្រីនាយិកាទីភ្នាក់ងារAFD រីករាយស្វាគមន៍ទទួលយក សំណើផ្សារភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ចរបស់កម្ពុជា ជាមួយស្ថាប័នដែលបំពេញការងារ លើវិស័យអធិការកិច្ចនៅប្រទេសបារាំង ក៏ដូចជាសំណើបញ្ជូនអ្នកជំនាញបច្ចេកទេស ដើម្បីរៀបចំលិខិតបទដ្ឋាន គតិយុត្ត និងពង្រឹងស្ថាប័ន។

ឯកឧត្តមរដ្ឋមន្ដ្រី បានពាំនាំនូវសារជូនពរពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្ដេចធិបតីនាយករដ្ឋមន្តី គោរពជូនចំពោះ ឯកឧត្តមប្រធានាធិបតី និងលោកជំទាវនាយករដ្ឋមន្ត្រីបារាំង។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត លោកស្រីនាយិកាទីភ្នាក់ងារAFD) និងសហការីមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការបំពេញបេសកកម្ម ការទូតដ៏ឧត្ដុង្គឧត្តម និងបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា ៕

ដោយហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner