សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅពេលកម្មករ និយោជិត មានសមត្ថភាពកាន់តែខ្លាំង កម្លាំងសេដ្ឋកិច្ចជាតិក៏កាន់តែខ្លាំង
ព្រះសីហនុ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា នៅពេលកម្មករ និយោជិត មានសមត្ថភាពកាន់តែខ្លាំង កម្លាំងសេដ្ឋកិច្ចជាតិក៏កាន់តែខ្លាំង ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង១ម៉ឺន៥ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ជិកា ឆ្នាំ២០២៣ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការចុះជួបសំណេះសំណាលជាមួយបងប្អូនទាំងអស់ នាពេលនេះ គឺមិនមែនជាកិច្ចជំនួបចុងក្រោយទេ គឺនៅមានបន្តបន្ទាប់ទៀត ដើម្បីបន្តស្វែងរកដំណោះស្រាយជូនដល់បងប្អូន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកម្មករ និយោជិតទាំងអស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ការបោះឆ្នោតនៅឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ថា បងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្ត និងចង់ឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសទៅមុខទៀត ។ សម្ដេច ក៏បានបន្តថ្លែងអំណរគុណដល់កម្មករ និយោជិត ដែលតែងតែបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។
ជាមួយគ្នានោះដែរ សម្ដេចធិបតី បានលើកឡើងថា កម្មករ និយោជិត គឺជាកម្លាំងចលករមួយផ្នែកនៅក្នុងការជួយជំរុញដល់ កំណើនសេដ្ឋកិច្ចកម្ពុជា។ សម្តេច ថា រោងចក្រសហគ្រាសនីមួយៗ ប្រៀបបានដូចជាឋាមពល ឬថ្ម ដើម្បីសាកប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈថ្មមានឋាមពលខ្លាំងភាពរីកចម្រើនប្រទេសក៏កាន់តែខ្លាំងយ៉ាងដូច្នេះដែរ ។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា បងប្អូន កម្មករ និយោជិត ក៏ប្រៀបដូចជា ថាមនពល សម្រាប់សេដ្ឋកិច្ចជាតិ ហើយនៅពេលដែលកម្មករ និយោជិត មានសមត្ថភាពកាន់តែខ្លាំង កម្លាំងសេដ្ឋកិច្ចជាតិកាន់តែខ្លាំង ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ



