ប្រមុខអង្គការសហប្រជាជាតិ ៖ ហ្គាហ្សាក្លាយជា “វាលកប់សាកសពកុមារ”
អ.ស.ប៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនឡើងលើស ១០,០០០នាក់ហើយ ក្នុងនោះមានកុមារជាង ៤,០០០នាក់ផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស បាននិយាយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះថា តំបន់ហ្គាហ្សាបានក្លាយជា «វាលកប់សាកសពកុមារ» និងបានអំពានាវឱ្យមានបទឈប់បាញ់ក្នុងតំបន់ហ្គាហ្សា ជាទីដែលការវាយប្រហារសងសឹករបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនកើនឡើងលើស ១០,០០០នាក់ហើយ។

លោក ហ្គូសទែរេស បានប្រាប់អ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា មហន្តរាយដែលកើតឡើងនៅហ្គាហ្សា ធ្វើឱ្យតម្រូវការសម្រាប់បទឈប់បាញ់មនុស្សធម៌កាន់តែបន្ទាន់រាល់ម៉ោង។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានសង្កត់ធ្ងន់ថា ជាការពិតណាស់ សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងការទទួលខុសត្រូវជាបន្ទាន់ និងជាមូលដ្ឋាន ដើម្បីបញ្ឈប់ការរងទុក្ខរួមដ៏អមនុស្សធម៌នេះ និងពង្រីកជំនួយមនុស្សធម៌ឱ្យកាន់តែទូលំទូលាយទៅកាន់តំបន់ហ្គាហ្សា។
សុបិន្តអាក្រក់នៅហ្គាហ្សា គឺធ្ងន់ធ្ងរជាងវិបត្តិមនុស្សធម៌ទៅទៀត… វាជាវិបត្តិរបស់មនុស្សជាតិ។
ទន្ទឹមគ្នា លោក ហ្គូទែរេស ក៏បាននឹងកំពុងដំណើរការជាផ្លូវការ នូវការអំពាវនាវសុំជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិចំនួន ១,២ពាន់លានដុល្លារ ដើម្បីជួយដល់ប្រជាជនប៉ាឡេស្ទីនប្រមាណ ២,៧លាននាក់ នៅជុំវិញតំបន់ហ្គាហ្សាស្ទី្របទាំងមូល និងផ្នែកខ្លះនៃតំបន់ West Bank និង East Jerusalem៕





ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា