នាវានុយក្លេអ៊ែររបស់អាមេរិក បានធ្វើដំណើរទៅដល់មជ្ឈិមបូព៌ាហើយ
អាមេរិក៖កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមយោធាអាមេរិកបានប្រកាសឱ្យដឹងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបញ្ជូននាវាមុជទឹកដែលមានសមត្ថភាពបាញ់មីស៊ីលនុយក្លេអ៊ែរទៅកាន់តំបន់មជ្ឈិមបូព៌ាហើយ។ នេះគឺជាសកម្មភាពមួយដែលអាមេរិកទំនងជាមានបំណងចង់បង្ហាញភាពខ្លាំងរបស់ខ្លួន និងមានចេតនាចង់ជួយគ្រប់គ្រងភាពតានតឹងក្នុងអំឡុងពេលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសកំពុងតែបន្ត។
នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាវាមុជទឹកមួយគ្រឿងបានធ្វើដំណើរទៅដល់តំបន់បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ដែលគ្របដណ្តប់នៅតំបន់មជ្ឈិមបូព៌ា នេះបើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គម X ដោយបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ឬហៅកាត់ថា CENTCOM។
គួរកត់សម្គាល់ថា ការបង្ហោះសាររបស់អង្គភាពការពារជាតិអាមេរិកនេះ ហាក់ដូចជាបានបង្ហាញរូបភាពនៃនាវាមុជទឹកកំពុងធ្វើដំណើរនៅលើប្រឡាយស៊ុយអេ (Suez) ដែលច្រកចូលផ្លូវទឹកមួយដ៏សំខាន់នៅតំបន់មជ្ឈិមបូព៌ា។ ចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា រវាងក្រុមហាម៉ាស់និងអ៊ីស្រាអែល សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់នៅក្នុងតំបន់ បានដាក់ពង្រាយកងកម្លាំងយោធាសំខាន់ៗ រួមទាំងនាវាផ្ទុកយន្តហោះពីរគ្រឿង និងយន្តហោះចម្បាំងជាច្រើនគ្រឿង។
យោងតាមការប្រកាសរបស់ក្រុមយោធាអាមេរិកដដែលបានបញ្ជាក់ថា ទាហានអាមេរិកប្រហែល ១០០០ នាក់នឹងត្រូវបានបញ្ជូនទៅកាន់ទីនោះផងដែរ រួមជាមួយនឹងកងកុម្ម៉ង់ដូប្រតិបត្តិការពិសេសជាច្រើនទៀតដែលកំពុងផ្ដល់ការពិគ្រោះយោបល់ដល់យោធាអ៊ីស្រាអែលក្នុងប្រតិបត្តិការរបស់ពួកគេនៅតំបន់ហ្កាហ្សា។
ជាងនេះទៅទៀត ទីក្រុងវ៉ាស៊ីនតោនក៏កំពុងជួយពង្រឹងវិស័យការពារជាតិរបស់សម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់ឈូងសមុទ្រនៅមជ្ឈិមបូព៌ាទាំងមូល។ ជាក់ស្ដែង អាមេរិកកំពុងបញ្ជូនប្រព័ន្ធការពារមីស៊ីលដែនអាកាសដែលមានឈ្មោះថា Terminal High Altitude Area Defense (THAAD) ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រព័ន្ធការពារមីស៊ីលពីដីទៅអាកាសដែលមានឈ្មោះថា Patriot ទៅកាន់ប្រទេសគុយវ៉ែត ហ្ស៊កដានី អ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួម នេះបើយោងតាមការរាយការណ៍របស់ The Wall Street Journal។
អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក ឧត្តមសេនីយទោ ផាត រ៉ាយដឺ (Pat Ryder) បានលើកឡើងថា ទាំងអស់នេះគឺធ្វើឡើងដើម្បីទប់ស្កាត់ការកើនឡើងនូវភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់ និងការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
លោក រ៉ាយដឺ ធ្លាប់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៤ ខែតុលាថា ៖ «ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់មក ពួកយើងបានដឹងយ៉ាងច្បាស់ថា យើងមិនចង់ឱ្យស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែល កើនឡើងជាជម្លោះក្នុងតំបន់កាន់តែធំនោះទេ។ ដូចដែលប្រធានាធិបតី បៃដិន លេខាធិការ អូស្ទីន និងមេដឹកនាំជាន់ខ្ពស់អាមេរិកផ្សេងទៀតបានសង្កត់ធ្ងន់រួមមកហើយថា សាររបស់យើងទៅកាន់ប្រទេស ឬក្រុមណាមួយដែលចង់ទាញយកប្រយោជន៍ពីស្ថានភាពនេះ ដើម្បីពង្រីកជម្លោះកាន់តែធំ នោះគឺសូមកុំធ្វើវាឱ្យសោះ»។
បន្ថែមលើនេះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក អាន់តូនី ប្លិងកិន (Antony Blinken) ក៏បានធ្វើទស្សនកិច្ចទៅជួបជាមួយមេដឹកនាំក្នុងតំបន់ រួមទាំងប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាម៉ូ អាបាស (Mahmoud Abbas) នៅតំបន់វេសបែងក៍ (West Bank) និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាម ស៊ាអាល់ស៊ូដានី (Mohammed Shia al-Sudani) ក្នុងទីក្រុងបាកដាត (Baghdad) ផងដែរ។
គួរដឹងដែរថា ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក ទ្រព្យសម្បត្តិយោធារបស់អាមេរិកនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ បានប្រឈមមុខនឹងការវាយប្រហារយ៉ាងខ្លាំងក្លាពីក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។ ក្រុមទាំងនេះបានបើកការវាយលុកជាច្រើនលើមូលដ្ឋានទ័ពអាមេរិក ដែលបណ្តាលឱ្យមានអ្នករងរបួសយ៉ាងធ្ងន់ធ្ងរ រួមទាំងការវាយប្រហារកាលពីថ្ងៃទី១៧ និង ១៨ ខែតុលា នៅមូលដ្ឋានទ័ព អាល់តាន់ហ្វ៍ (al-Tanf) ក្នុងប្រទេសស៊ីរី និងមូលដ្ឋានទ័ពអាកាសអាល់សាដ (Al Asad) ក្នុងប្រទេសអ៊ីរ៉ាក់ ដែលបានធ្វើឱ្យយោធាអាមេរិក ២១ នាក់រងរបួស៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Al Jazeera US nuclear sub offers show of force in the Middle East