អាមេរិករំដោះពលរដ្ឋខ្លួន ជាង ៤០០នាក់ ចេញពីតំបន់ហ្គាហ្សា

វ៉ាស៊ីងតោន ឌីស៊ី៖ សេតវិមានបានអះអាងថា ជនជាតិអាមេរិក ជាង៤០០នាក់ហើយ ដែលត្រូវបានជម្លៀសចេញពីតំបន់ហ្គាហ្សា ដោយគេដឹងថា មានពលរដ្ឋអាមេរិក សរុប ជាង១០០០នាក់ទាមទារឲ្យមានការរំដោះខ្លួន ចាកចេញពីទីនោះ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានខ្លីមួយ នៅឯសេតវិមាន កាលពីថ្ងៃអង្គារ សប្តាហ៍នេះ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានប្រាប់ថា រថយន្តជំនួយជាច្រើនបានចូលដល់តំបន់ហ្គាហ្សា ហើយជនជាតិអាមេរិកជាច្រើនទៀត ត្រូវបានគេរំពឹងថា នឹងចាកចេញពីទីនោះ តាមរយៈច្រកព្រំដែន Rafah របស់ប្រទេសអេហ្ស៊ីប។

លោកបាននិយាយទៀតថា «ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងចុងក្រោយ មានជនជាតិអាមេរិក ប្រហែល៩៦នាក់ បានចាកចេញ ដូច្នេះ ប្រជាពលរដ្ឋអាមេរិក និងសមាជិកគ្រួសារតិចជាង ១០០នាក់អាចផ្លាស់ទី ឆ្លងកាត់ព្រំដែននោះ»។

លោកបានបញ្ជាក់ទៀតថា «មកទល់ពេលនេះ មានពលរដ្ឋអាមេរិក ជាង៤០០នាក់ និងក្រុមគ្រួសាររបស់ពួកគេ ដែលបានចាកចេញ»។

គូររម្លឹកថា មនុស្សរាប់រយនាក់ រួមមានទាំងជនបរទេស នៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានពួកហាម៉ាសចាប់ពង្រត់ អំឡុងការវាយប្រហារ ថ្ងៃទី ៧ខែតុលា ដែលបានស្លាប់មនុស្សប្រមាណ១៤០០នាក់។ កាលពីចុងខែតុលា មានចំណាប់ខ្មាំងជាជនជាតិអាមេរិក ចំនួន២នាក់ ត្រូវបានពួកហាម៉ាស ដោះលែងឲ្យមានសេរីភាពវិញ។

ជនជាតិអាមេរិកទាំង៤០០នាក់ ដែលត្រូវបានរំដោះចេញពីតំបន់ហ្គាហ្សានេះ ត្រូវបានគេដឹងថា ស្ថិតក្នុងចំណោមជនជាតិអាមេរិក ប្រមាណ១០០០នាក់ ដែលចង់ចាកចេញពីតំបន់ហ្គាហ្សា។

គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល តាមរយៈការទម្លាក់គ្រាប់បែក ទៅលើតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយពួកហាម៉ាសនោះ បានបណ្តាលស្លាប់មនុស្ស កើនដល់ ចំនួន១០៣០០នាក់ហើយ នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner