រដ្ឋមន្រ្តីក្រសួងបរិស្ថាន ពិភាក្សាពង្រឹងការគ្រប់គ្រងទីលានទុកដាក់ សំរាម ប្រកប ដោយអនាម័យ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន បានដឹកនាំកិច្ចប្រជុំដំបូង សម្រាប់ដំណើរការសាងសង់ ទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់ ប្រកបដោយ អនាម័យ សម្រាប់រាជធានីភ្នំពេញ ដោយមានការ ចូលរួមពីតំណាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋបាលរាជធានី ខេត្តកណ្តាល ស្រុកអង្គស្នួល ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ នាថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីតំរង់ទិសកិច្ចការសាងសង់ ឱ្យមានភាពរលូន ប្រកបដោយប្រសិទ្ធភាព សាកសិទ្ធភាព និង ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការរចនាប្លង់ ជាពិសេស ជៀងវាងផលប៉ះពាល់នានា។ ទីលានទុកដាក់សំរាម សំណល់ ររឹងកម្រិតតំបន់នេះ មានទំហំផ្ទៃដីសរុប ១៤០,០៦ហិចតា ស្ថិតក្នុងឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
គួររម្លឹកឱ្យដឹងថា កន្លងមក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានថ្លែងថា ភាពស្អាត និងសុខភាព ប្រជាពលរដ្ឋ ជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននិងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ តាមរយៈយុទ្ធនាការកាត់បន្ថយ ការប្រើ ប្រាស់ប្លាស្ទិក ០១ កញ្ញា ដែលកំពុងទទួលបានការគាំទ្រ និង ចូលរួមពីមហាជនទូទាណងប្រទេស និងឈានទៅបញ្ឈប់ ការប្រើ ប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ ប្លាស្ទិក សហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិ មិនមានការបំពុលពីសំណល់ ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួម រៀបចំទុកដាក់សំណល់ និងញែកឲ្យបានត្រឹមត្រូវ គិតគូរ ដល់សំរាមដែលអាចកែច្នៃប្រើប្រាស់ឡើងវិញ និងសំរាមដែល ចាក់ចោល គួរទុកដាក់នៅទីលានឲ្យបានត្រឹមត្រូវ៕
ដោយ / គ្រី សម្បត្តិ
(FB-TT)





