ក្រសួងបរិស្ថាន និងសមាគមអភិរក្សដំរីខ្មែរអៃរាវត្តាពង្រឹងការផ្សព្វផ្សាយផ្សារភ្ជាប់ ដំរី ធម្មជាតិ និងជនជាតិដើមជំរុញវិស័យ អេកូទេសចរណ៍ខេត្តរតនគិរី

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានអនុញ្ញាតឱ្យសមាគមអភិរក្សដំរីខ្មែរ អៃរាវត្តា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញ ការផ្សព្វផ្សាយផ្សារភ្ជាប់ដំរី ធម្មជាតិ និងជនជាតិដើម ក្នុងគោល បំណងលើកកម្ពស់វិស័យអេកូទេសចរណ៍ ខេត្តរតនគិរី ។ ជំនួបសម្តែងការគួរសមនេះ បានធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី ០៧ វិច្ឆិកា ឆ្នាំ២០២៣ ។

លោកស្រី ក្លេខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធាន សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា បច្ចុប្បន្នសមាគមអៃរាវត្តាមានដំរីចំនួន ៤ក្បាល ក្នុងនោះរួមមាន ដំរីញី១ក្បាល ឈ្មោល២ក្បាល និងកូនដំរីញី១ក្បាលទៀតឈ្មោះ ណូអែល ទេវី។ ជាមួយគ្នានេះ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាបាន ស្នើសុំ ការគាំទ្របន្ថែមទៀតពីក្រសួងបរិស្ថានលើសកម្មភាព អេកូ ទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះឱ្យកាន់តែទូលំទូលាយ ថែមទៀត ។

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តីសូមគាំទ្រការអភិវឌ្ឍសកម្មភាពអេកូទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះក្រសួងបរិស្ថានសូមគាំទ្រទាំងស្រុង ហើយនឹងរៀបចំពិនិត្យមើលលទ្ធភាព ក្នុងការជួយជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍ដោយរបៀបណា ទៅទិសដៅណា ហើយតភ្ជាប់តំបន់ទេសចរណ៍ធម្មជាតិណាខ្លះទៀត ដើម្បីតភ្ជាប់ជារបៀងទេសចរណ៍ធម្មជាតិផង និងបង្កើនវិសាលភាពតំបន់ទេសចរណ៍ធម្មជាតិ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីបម្រើឱ្យវិស័យទេសចរណ៍កាន់តែមានភាពទាក់ទាញ ។

សូមរម្លឹកជូនថា សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការងារបរិស្ថាន ធនធានធម្មជាតិ អប់រំស្រាវជ្រាវ វប្បធម៌ប្រពៃណីខ្មែរ ដោយផ្តោតលើការងារសំខាន់ចម្បងចំនួន ៣គឺ ទី១.ជួយកិច្ចការអភិរក្សដំរីស្រុកនៅកម្ពុជាដែលប្រឈមនឹងការផុតពូជ ។ ទី២.ជួយលើកកម្ពស់វិស័យអេកូទេសចរណ៍នៅក្នុងតំបន់ធនធានធម្មជាតិ និងទី៣.បង្កាត់ពូជដំរីស្រុកឱ្យកើតកូនកើតចៅបានកាន់តែច្រើន ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner