ប៉ូលិសវៀតណាមចាប់ឃុំខ្លួនបុរសបីនាក់ ដោយសារការបង្ហោះម៉ូតូតាមផ្លូវសាធារណៈ
ហាណូយ៖ប៉ូលិសក្រុងហូជីមិញនៃប្រទេសវៀតណាម បានចាប់ខ្លួនបុរសបីនាក់ ដោយសារពួកគេបានបង្ហោះម៉ូតូតាមផ្លូវហើយចែកចាយវិដេអូលើបណ្ដាញសង្គម។នេះបើតាមការចុះផ្សាយកាសែត VnExpress កាលពីថ្ងៃពុធ។
ប៉ូលិសនិយាយថា បុរសទាំងបីនាក់ រួមមានឈ្មោះ Duong Quoc Cuong អាយុ ៣២ ឆ្នាំ ឈ្មោះ Hoang Anh Trung អាយុ ២០ ឆ្នាំ និងឈ្មោះ Nguyen Thanh Xuan Truong អាយុ ២៣ ឆ្នាំ ពេលនេះកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ «រំខានសណ្តាប់ធ្នាប់សាធារណៈ»។
ក្នុងវិដេអូដែលចែកចាយលើបណ្ដាញសង្គម អ្នកទាំងបីជិះម៉ូតូតែមួយ ហើយគ្មាននរណាម្នាក់ពាក់មួកសុវត្ថិភាពនោះទេ ដោយជួនកាលពួកគេបង្ហោះកង់មុខ ជួនកាលព្រលែងចង្កូត ហើយជួនកាលអ្នកបើកបញ្ឈរខ្លួន ទុកតែដៃជាប់ចង្កូតជាដើម។
បើតាម VnExpress ម្នាក់ឈ្មោះ Cuong គឺជាម្ចាស់យូធូបឆេណែល និងហ្វេសប៊ុក ដែលមានអ្នកតាមដានរាប់ម៉ឺននាក់។
ប៉ូលិសបាននិយាយថា នៅពេលបក្ខពួកទាំងបីនាក់ ចែកចាយរូបភាព និងវិដេអូបែបបង្ហោះម៉ូតូបែបនេះ ទៅលើបណ្ដាញសង្គម វាមិនត្រឹមតែប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កើតផលប៉ះពាល់អវិជ្ជមានដល់យុវជន ដែលតាមដានពួកគេលើអ៊ិនធឺណិតផងដែរ។
ប្រែសម្រួលដោយ៖ ហួន ឌីណា