អាមេរិកអនុម័តឪសថសម្រកទម្ងន់របស់ក្រុមហ៊ុន Eli Lilly រំពឹងទុកយ៉ាងខ្លាំងលើប្រសិទ្ធភាព

វ៉ាស៊ីងតោន ឌីស៊ី៖ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក ហៅកាត់ FDA កាលពីថ្ងៃពុធ សប្តាហ៍នេះ បានប្រកាសថា ខ្លួនបានអនុម័តឲ្យប្រើប្រាស់ថ្នាំសម្រកទម្ងន់ Zepbound របស់ក្រុមហ៊ុនឪសថ អ៊ីឡាយ លីលី (Eli Lilly) ដែលជាឪសថប្រភេទថ្មីបំផុត ក្នុងចំណោមថ្នាំបញ្ចុះទម្ងន់ ដ៏មានប្រសិទ្ធិភាព និងអាចរកកម្រៃបានច្រើន។

ឪសថរបស់ក្រុមហ៊ុនឪសថ អ៊ីឡាយ លីលី (Eli Lilly) ត្រូវបានគេរំពឹងថា នឹងមានលក់នៅសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ខាងមុខ ហើយត្រូវបានគេរំពឹងយ៉ាងខ្លាំងថា នឹងក្លាយជាឪសថលក់ដាច់បំផុត ដូចទៅនឹងឪសថសម្រកទម្ងន់ Ozempic និង Wegovy របស់ក្រុមហ៊ុន Novo Nordisk ដែលមានមូលដ្ឋាន នៅប្រទេសដាណឺម៉ាក។

ឪសថ Zepbound នេះ ត្រូវបានណែនាំឲ្យប្រើប្រាស់ សម្រាប់អ្នកជំងឺដែលធាត់ ឬ លើសទម្ងន់ដែលមានលក្ខខណ្ឌ ទាក់ទងនឹងបញ្ហាទម្ងន់ ដូចជា សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែមប្រភេទទី ២ ឬ កូលេស្តេរ៉ុល ខ្ពស់ ជាដើម។

នៅក្នុងការសាកល្បងព្យាបាលលើមនុស្សពេញវ័យជាង២៥០០ នាក់ អ្នកដែលលេបថ្នាំ Zepbound នេះ បន្ថែមពីលើរបបអាហារ និងការធ្វើលំហាត់ប្រាណ បានស្រកទម្ងន់
ជាមធ្យម ៤៨ផោន ឬ ២២ គីឡូក្រាម សម្រាប់ការផ្តល់កម្រិតអនុញ្ញាតខ្ពស់បំផុត និង ៣៤ផោន ឬជាង១៥គីឡូក្រាម សម្រាប់ការផ្តល់កម្រិតអនុញ្ញាត ទាបបំផុត។

លោក John Sharetts មន្ត្រីជំនាញរបស់ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បាននិយាយថា ការធាត់ និងលើសទម្ងន់គឺជាលក្ខខណ្ឌធ្ងន់ធ្ងរ ដែលអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងមូលហេតុនាំមុខគេមួយចំនួននៃការស្លាប់ ដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម។

លោកបានបន្តថា ដោយមើលឃើញពីការកើនឡើង នៃអត្រាមនុស្សធាត់ និងលើសទម្ងន់ នៅក្នុងសហរដ្ឋអាមេរិក ការអនុម័តសម្រកទម្ងន់ របស់ក្រុមហ៊ុនឪសថ អ៊ីឡាយ លីលី (Eli Lilly) នាពេលនេះ គឺជាតម្រូវការផ្នែកវេជ្ជសាស្ត្រ ជាចាំបាច់៕ ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner