កុមារនៅរដ្ឋធានីញូវដែលីរបស់ឥណ្ឌា រងគ្រោះពីផ្សែងអ័ព្ទខ្លាំងបំផុត
ញូវដែលី៖ កុមារនៅក្នុងរដ្ឋធានី ញូវ ដែលី នៃប្រទេសឥណ្ឌា កំពុងរងគ្រោះខ្លាំងបំផុត ដោយសារតែផ្សែងអ័ព្ទ ប្រៀបបីដូចជា «ការស្រូបថ្នាំពុល ពេលដកដង្ហើម» ដោយគេដឹងថា ញូវ ដែលី គឺជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតមួយ នៅលើភពផែនដី។
ដោយស្រែកយំនៅលើគ្រែ ក្នុងមន្ទីរពេទ្យ ជាមួយនឹងរបាំងផ្តល់ថ្នាំ ក្នុងកម្រិតខ្ពស់បានយ៉ាងឆាប់រហ័ស និងងាយស្រួល Nebuliser នៅលើផ្ទៃមុខដ៏តូច ទារកឈ្មោះថា Ayansh Tiwari អាយុមួយខែ មានអាការៈក្អកផង និង ហៀរសំបោរផង។ លោក វេជ្ជបណ្ឌិតរបស់ទារករូបនេះ បានដាក់ការស្តីបន្ទោស ចំពោះខ្យល់អាកាសដ៏អាក្រក់ ដែលវាយប្រហារ ទីក្រុងញូវដែលី ជារៀងរាល់ឆ្នាំ។

នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យ Chacha Nehru Bal Chikitsalaya ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា មានមនុស្សច្រើនកុះករ ក្នុងនោះ សម្បូរដោយកុមារដែលពិបាកដកដង្ហើម ភាគច្រើនមានជំងឺហឺត និងរលាកសួត ក្នុងពេលដែលការបំពុលខ្យល់ឈានដល់កម្រិតកំពូល រៀងរាល់រដូវរងា ក្នុងទីក្រុង ដែលមានមនុស្សរស់នៅ សរុប ៣០ លាននាក់មួយនេះ។
ទីក្រុងញូវដែលី តែងតែជាប់ចំណាត់ថ្នាក់ជាប្រចាំ ក្នុងចំណោមទីក្រុងធំៗ ដែលមានការបំពុលខ្លាំងបំផុត នៅលើភពផែនដី ជាមួយនឹងការបំភាយឧស្ម័ន ពីរោងចក្រ និងយានជំនិះ ដែលកាន់តែធ្ងន់ធ្ងរឡើង ព្រមជាមួយនឹងផ្សែងអ័ព្ទ បង្កឡើងពីភ្លើងឆេះសំណល់កសិកម្ម ជាដើម ។

ម្តាយរបស់ទារក Ayansh គឺអ្នកស្រី Julie Tiwari អាយុ ២៦ ឆ្នាំ នៅពេលអង្រួនកូននៅលើភ្លៅ ដោយព្យាយាមលួងឲ្យស្ងប់ បាននិយាយថា «កន្លែងដែលអ្នកឃើញនេះ គឺមានផ្សែងពុល» ។ អ្នកស្រីបានប្រាប់ AFP ដោយទប់ទឹកភ្នែក មិនបានថា «ខ្ញុំព្យាយាមបិទទ្វារ និងបង្អួចឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន»។
សម្រាប់ទីក្រុង ញូវ ដែលី នាថ្ងៃព្រហស្បតិ៍ទី៩ ខែវិច្ឆិកានេះ កម្រិតនៃភាគល្អិត PM2.5 ដែលជាកម្រិតតូចបំផុត និងគ្រោះថ្នាក់បំផុតដែលអាចចូលទៅក្នុងចរន្តឈាម បានឡើងដល់ ៣៩០ មីក្រូក្រាម ក្នុងមួយម៉ែត្រគូប ច្រើនជាង២៥ ដងនៃកម្រិតអតិបរមាប្រចាំថ្ងៃ ដែលណែនាំដោយអង្គការសុខភាពពិភពលោក នេះបើយោងតាមក្រុមហ៊ុនត្រួតពិនិត្យ IQAir ។ កាលពីឆ្នាំ២០១៩ ឥណ្ឌាមានមនុស្សស្លាប់មុនអាយុ ដោយសារតែការបំពុលខ្យល់ ចំនួន១.៦៧លាននាក់៕


ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត