អ៊ីស្រាអែលត្រូវទទួលទណ្ឌកម្មសេដ្ឋកិច្ច ជាការឆ្លើយតបនឹងការទម្លាក់គ្រាប់បែកលើហ្កាហ្សា

ប្រ៊ុចសែល៖ ឧបនាយករដ្ឋមន្ដ្រីប៊ែលហ្ស៊ិក លោកស្រី Petra De Sutter បានគូសបញ្ជាក់ថា អ៊ីស្រាអែលគួរទទួលបានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរមួយ ជាការឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែកឥតឈប់ឈរលើតំបន់ហ្កាហ្សា ដែលបណ្ដាលឱ្យមានប្រជាជនប៉ាឡេស្ទីនជាច្រើនបានបាត់បង់ជីវិត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT នាថ្ងៃព្រហស្បតិ៍នេះ។

លោកស្រីក៏បានបន្ថែមថា <<យើងមិនអាចធ្វើដូចជាមើលមិនឃើញចំពោះការបាត់បង់ជីវិតរបស់កុមារក្នុងតំបន់ហ្កាហ្សាជាច្រើននាក់ជារៀងរាល់ថ្ងៃនោះទេ។ វាដល់ពេលវេលាហើយដែលយើងត្រូវដាក់ទណ្ឌកម្មលើអ៊ីស្រាអែល។ ការទម្លាក់គ្រាប់បែកនេះ ជាទង្វើអមនុស្សធម៌ ហើយអ៊ីស្រាអែលគ្មានអើពើនឹងការអំពាវនាវរកបទឈប់បាញ់ពីសំណាក់សហគមន៍អន្ដរជាតិនោះឡើយ។>>

លោកស្រី បានស្នើផ្អាកកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល និងហាមឃាត់ការនាំចូលផលិតផលដែលនាំចូលពីតំបន់ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ ក្រុមមន្ដ្រី និងមន្ដ្រីយោធាដែលត្រូវបានរកឃើញថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនឹងត្រូវហាមធ្វើដំណើរចូលសហភាពអឺរ៉ុបផងដែរ។

យ៉ាងណាមិញ អតីតនាយករដ្ឋមន្ដ្រីអ៊ីស្រាអែល លោក Naftali Bennett បានលើកឡើងថា ក្រុមហាម៉ាស់ជាអ្នកសម្លាប់ប្រជាជនប៉ាឡេស្ទីនដោយខ្លួនឯង តាមរយៈការបង្កប់គ្រាប់បែកនៅតាមជំរុំភៀសខ្លួន សាលារៀន និងផ្ទះសម្បែង ហើយប្រើប្រាស់ប្រជាជនទាំងនោះជាខែលការពារ។

អ៊ីស្រាអែលបានវាយប្រហារតំបន់ហ្កាហ្សាដោយទម្លាក់គ្រាប់បែក និងតាមផ្លូវគោកអស់រយៈពេល ១ខែមកហើយ ក្រោយក្រុមហាម៉ាស់បានវាយប្រហារអ៊ីស្រាអែល និងសម្លាប់ប្រជាជនអ៊ីស្រាអែលចំនួន ១,៤០០នាក់ និងចាប់ខ្លួនប្រជាជនជាង ២០០នាក់ទៀតជាចំណាប់ខ្មាំង។ មកទល់ពេលនេះ សង្គ្រាមអ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនអស់ប្រមាណ ១ម៉ឺននាក់ ដោយភាគច្រើនជាស្ដ្រី និងកុមារ ខណៈមនុស្សច្រើននាក់ទៀតកំពុងប្រឈមការខ្វះស្បៀង ថ្នាំសង្កូវ និងប្រេងសាំង៕

ប្រភព៖ RT ប្រែសម្រួលដោយ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner