អាមេរិកវាយប្រហារលើទីតាំងស្តុកអាវុធដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរី

អាមេរិក៖ ក្រសួងការពារជាតិអាមេរិកបានចេញផ្សាយវីដេអូនៃការវាយប្រហារ ថ្មីៗនេះ ទៅលើទីតាំងស្តុកអាវុធដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ នៅភាគខាងកើតប្រទេសស៊ីរី។

កងកម្លាំងយោធាសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ ទៅលើទីតាំងដែលប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងក្រុមពាក់ព័ន្ធ នៅក្នុងខេត្ត Deir Ezzor កាលពីថ្ងៃទី៨ ខែវិច្ឆិកា នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់យោធាអាមេរិក។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើង ដោយយន្តហោះចម្បាំង F-15 របស់អាមេរិក ពីរគ្រឿង ដើម្បីឆ្លើយតបនឹងការវាយប្រហារលើកងទ័ពអាមេរិក នៅឯមជ្ឈិមបូព៌ា នាពេលថ្មីៗនេះ។

យ៉ាងណាមិញ មន្ទីរបញ្ចកោណបាននិយាយថា ការវាយប្រហារនោះ មិនបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនោះទេ។ លោកស្រី Sabrina Singh លេខាធិការរងទទួលបន្ទុកផ្នែកសារព័ត៌មានរបស់មន្ទីរបញ្ចកោណ បានប្រាប់អ្នកសារព័ត៌មានថា «មកដល់ពេលនេះ យើងមិនទាន់វាយតម្លៃថា មានអ្នកស្លាប់បាត់បង់ជីវិតនោះទេ»។

ប៉ុន្តែក្រុមឃ្លាំមើលសង្រ្គាម និងសិទ្ធិមនុស្សនៅស៊ីរី បាននិយាយថា ការវាយប្រហារនោះ បានសម្លាប់មនុស្សប្រាំបួននាក់ ដែលមានទំនាក់ទំនងជាមួយក្រុម ដែលគាំទ្រដោយអ៊ីរ៉ង់។ គួររម្លឹកថា កាលពីថ្ងៃទី២៦ ខែតុលា យោធាអាមេរិកក៏បានវាយលុក ទីតាំងចំនួនពីរនៅក្នុងប្រទេសស៊ីរី ដោយអាមេរិកចោទថា ជាទីតាំងប្រើប្រាស់ដោយអ៊ីរ៉ង់ និងអង្គការពាក់ព័ន្ធ ហើយពេលនោះ អាមេរិកក៏បានវាយតម្លៃថា ការវាយប្រហារនោះ មិនបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនោះទេ។

គួរបញ្ជាក់ដែរថា មានទាហានអាមេរិក ប្រហែល ២៥០០ នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រហែល ៩០០នាក់ នៅក្នុងប្រទេសស៊ីរី ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃក្រុមរដ្ឋអ៊ីស្លាម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner