គណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៩ នៅប្រទេសឡាវ
ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ប៉េង ពោធិ៍នា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៩ និង កិច្ចប្រជុំពាក់ព័ន្ធ ដែលធ្វើឡើងនៅទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពិនិត្យផែនការដែលបានអនុវត្ត និងដាក់ទិសដៅលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យដឹកជញ្ជូននានាឱ្យកាន់តែប្រសើរ។
ប្រភពក្រសួងសាធារណការបានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ៩-១០ ខែវិច្ឆិកា ក្នុងគោលបំណងចំនួនពីរ ទី១ ដើម្បីពិនិត្យការអនុវត្តផែនការសកម្មភាពនៅក្នុងក្របខណ្ឌអាស៊ានដែលបានអនុវត្តក្នុងឆ្នាំ ២០២៣ និងកំណត់ទិសដៅ, គោលនយោបាយ និងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ ២០២៤ និងទី២ ពិនិត្យផែនការសកម្មភាពដែលបានអនុវត្តក្នុងឆ្នាំ២០២៣ និង អនុម័តផែនការសកម្មភាពសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៤ ជាមួយដៃគូអភិវឌ្ឍន៍ រួមមាន អាស៊ាន-ចិន, អាស៊ាន-ជប៉ុន, និងអាស៊ាន-កូរ៉េ។
កិច្ចប្រជុំពេញអង្គនៃរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៩នេះ បានពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនៅគ្រប់វិស័យដឹកជញ្ជូនរួមមាន១ ការដឹកជញ្ជូនផ្លូវគោក ២ ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រការ ៣ ការដឹកជញ្ជូនផ្លូវអាកាស ៤ កិច្ចសម្របសម្រួលការដឹកជញ្ជូន និង ៥ ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។
ក្នុងកិច្ចប្រជុំពេញអង្គនាថ្ងៃទី ៩ ខែវិច្ឆិកាឯកឧត្តម ប៉េង ពោធិ៍នា បានធ្វើបទអន្តរាគមន៍ស្តីពីការអភិវឌ្ឍលើវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅប្រទេសកម្ពុជា ដែលការអភិវឌ្ឍនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង និងការតភ្ជាប់របស់ប្រទេសកម្ពុជានៅក្នុងក្របខណ្ឌតំបន់ផងដែរ។
តាមរយៈកិច្ចប្រជុំពេញអង្គលើកទី២៩ ក៏បានអនុម័តនូវឯកសារសំខាន់ៗចំនួន ៧ រួមមាន៖ ១ .ផែនការអាទិភាពប្រចាំឆ្នាំ២០២៤, ២. ផែនការមេអាស៊ាន ស្តីពីសេវាចរាចរដែនអាកាស, ៣.ពិធីសារទី៣ ស្តីពីការទទួលស្គាល់គ្នាទៅវិញទៅមកនូវអាជ្ញាបណ្ណនាវិកហោះហើររបស់អាស៊ាន, ៤. ផែនការសកម្មភាពអាកាសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន,៥. អនុសាសន៍គោលនយោបាយ សម្រាប់លើកកម្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយ៍សាកយានយន្តអគ្គិសនី ក្នុងអាស៊ាន ,៦. គោលការណែនាំស្តីពីកំពង់ផែវៃឆ្លាត និង ៧ អនុសាសន៍ស្តីពីការពង្រឹងការត្រៀមខ្លួន ក្នុងតំបន់សម្រាប់បញ្ហាដែលអាចកើតឡើងនាពេលអនាគតទាក់ទងនឹង ការលើកកម្ពស់និរន្តភាពប្រតិបត្តិការរបស់កំពង់ផែ និងការសម្របសម្រួលការផ្លាស់ប្តូរ និងការធ្វើមាតុភូមិនិវត្តន៍របស់នាវិក។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាលោក ស៊ិន ចន្ធី ធ្លាប់បានលើកឡើងថា តាមរយៈគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាបន្តបន្ទាប់ បាននិងកំពុងជួយធ្វើឱ្យវិស័យដឹកជញ្ជូនកម្ពុជាបោះជំហានទៅមុខកាន់តែលឿន តាមរយៈការកាត់បន្ថយថ្លៃដើម និងពេលវេលា។ លោកថ្លែងថា៖ «តាមរយៈសមិទ្ធផលទាំងនេះ ខ្ញុំមានសុទិដ្ឋនិយមថា វិស័យដឹកជញ្ជូន និងឡូជីស្ទីកកម្ពុជានឹងមានសម្ទុះខ្លាំងង។ ផ្លូវថ្នល់ កំពង់ផែ និងព្រលានយន្តហោះថ្មីៗ នឹងជួយឱ្យទំនិញផលិតនៅកម្ពុជាកាន់តែច្រើនបង្ហាញវត្តមាននៅលើទីផ្សារអន្តរជាតិ»។
គួររំឮកថានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៨នេះ រដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២គឺ ១ កិច្ចព្រមព្រៀងអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការរុករក និងសង្រ្គោះតាមផ្លូវអាកាស និងផ្លូវសមុទ្រ និង ២ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និង សហភាពអ៊ឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន៕
ដោយ៖ សុខ រក្សា

