លោកស្រី គ្លីនតុន ៖ អ៊ីស្រាអែលនិងប៉ាឡេស្ទីន ត្រូវការអ្នកដឹកនាំថ្មី ទើបអាចមានសន្តិភាពយូរអង្វែង
សិង្ហបុរី៖ អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ភាពជាអ្នកដឹកនាំថ្មីរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន គឺត្រូវការចាំបាច់ សម្រាប់ឱកាសណាមួយ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព រយៈពេលវែង ជាពិសេស ដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះ នៅមជ្ឈិមបូព៌ា។
លោកស្រី គ្លីនតុន បាននិយាយថា «ក្រុមហាម៉ាសមិនមែនជាដៃគូ សម្រាប់សន្តិភាព ឬ ដំណោះស្រាយរដ្ឋណាមួយនោះទេ» ប៉ុន្តែលោកស្រីបានបន្ថែមទៀតថា «អាជ្ញាធរប៉ាឡេស្ទីន និងភាពជាអ្នកដឹកនាំថ្មី នៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីសង្គ្រាម អាចនឹងកើតឡើង»។
អតីតអ្នកការទូតអាមេរិកកំពូលរូបនេះបានថ្លែងដូច្នេះ តាមរយៈវីដេអូ នៅឯវេទិកាសេដ្ឋកិច្ចថ្មី របស់ Bloomberg ក្នុងប្រទេសសិង្ហបុរី អំឡុងការសន្ទនា ជាមួយនិពន្ធនាយករបស់ Bloomberg គឺលោក John Micklethwait ។
នៅពេលសួរថាតើ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងក្លាយជាដៃគូដ៏មានសក្តានុពលសម្រាប់ដំណោះស្រាយរដ្ឋពីរ ឬអត់នោះ លោកស្រីបានឆ្លើយតបថា «ខ្ញុំមិនគិតថាមានភស្តុតាងណាមួយ បញ្ជាក់ថាអាចទៅរួចទេ.. ខ្ញុំគិតថា ប្រជាជនអ៊ីស្រាអែលនឹងត្រូវសម្រេចចិត្ត អំពីការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី»។
គួរបញ្ជាក់ដែរថា ការស្ទង់មតិដែលធ្វើឡើងដោយកាសែត Ma’ariv របស់អ៊ីស្រាអែល នៅពាក់កណ្តាលខែតុលា បានរកឃើញថា ៨០ភាគរយនៃប្រជាជនអ៊ីស្រាអែលជឿថា លោក Netanyahu ត្រូវតែទទួលខុសត្រូវចំពោះការបរាជ័យផ្នែកសន្តិសុខ ដែលលាតត្រដាងតាមរយៈការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល។
ជុំវិញស្ថានភាពតានតឹងរវាងអ៊ីស្រាអែល និងហាម៉ាស នាពេលបច្ចុប្បន្ន លោកស្រី Clinton បាននិយាយថា អ៊ីស្រាអែលទំនងជាមិនយល់ព្រមចំពោះបទឈប់បាញ់ នៅក្នុងដំណាក់កាលនេះទេ ហើយប្រការនេះនឹងមិនអាចទប់ស្កាត់ក្រុមហាម៉ាស ដែលនឹងអាចការបើកការវាយប្រហារណាមួយទៀត លើអ៊ីស្រាអែលឡើយ។
ប៉ុន្តែ លោកស្រីបានបន្ថែមថា អ៊ីស្រាអែលប្រហែលជាមានឆន្ទៈ ក្នុងការផ្អាកប្រយុទ្ធ ដើម្បីមនុស្សធម៌ ដូច្នេះជំនួយអាចចូលទៅក្នុងហ្គាហ្សា ដើម្បីជួយជនស៊ីវិលនៅទីនោះ ហើយចំណាប់ខ្មាំងដែលក្រុមហាម៉ាសចាប់ អាចរំដោះខ្លួនបាន៕ ប្រភពពី Straitstimes ប្រែសម្រួល៖ សារ៉ាត
