ឥណ្ឌូណេស៊ីសម្ពោធកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹកធំបំផុត នៅអាស៊ីអាគ្នេយ៍

ហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ីបានបើកសម្ពោធកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹក តម្លៃ ១០០លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។ នេះគឺជាកសិដ្ឋានធំជាងគេ នៅអាស៊ីអាគ្នេយ៍ ខណៈដែលប្រទេសឥណ្ឌូនេស៊ីស្វែងរកឱកាសកាន់តែច្រើន ក្នុងការផ្លាស់ប្តូរ ទៅរកថាមពលកកើតឡើងវិញពណ៌បៃតង។

កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យអណ្តែតទឹក Cirata ត្រូវបានគេរំពឹងថា នឹងផលិតអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ថាមពល ដល់គ្រួសារចំនួន ៥០០០០គ្រួសារ ហើយវាត្រូវបានសាងសង់ នៅលើអាងស្តុកទឹក ទំហំ ២០០ហិកតា នៅឯកោះជ្វាខាងលិច ដែលមានចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រ ពីរដ្ឋធានីហ្សាកាតា។

ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយក្នុងពេលប្រារព្ធពិធីថា «ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយ ពីព្រោះក្តីសុបិនដ៏ធំរបស់យើងក្នុងការកសាងរោងចក្រថាមពលកកើតឡើងវិញ នៅលើមាត្រដ្ឋានដ៏ធំមួយត្រូវបានសម្រេច» ។

លោកបានបន្តទៀតថា «យើងបានគ្រប់គ្រងការសាងសង់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹក ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងធំជាងគេទីបី ក្នុងពិភពលោក»។

គួរបញ្ជាក់ថា គម្រោងនេះជាកិច្ចសហការរវាងក្រុមហ៊ុនអគ្គិសនីជាតិរបស់ឥណ្ឌូនេស៊ី Perusahaan Listrik Negara (PLN) និងក្រុមហ៊ុនថាមពលកកើតឡើងវិញ Masdar ដែលមានមូលដ្ឋាន នៅទីក្រុង Abu Dhabi បានចំណាយពេលសាងសង់ ៣ឆ្នាំ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner